សហព័ន្ធខ្មែរកីឡាទោចក្រយាន គ្រោងបញ្ជូនអត្តពលិកឆ្នើម៤រូប ទៅហ្វឹកហាត់ នៅក្រៅប្រទេស នាឆ្នាំ២០២១
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានបង្ហើបប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា កាលពីថ្ងៃម្សិលមិញថា នៅឆ្នាំ២០២១ខាងមុខនេះ សហព័ន្ធគ្រោងបញ្ជូនកីឡាករចំនួន៤រូប ទៅហ្វឹកហាត់នៅប្រទេសបារាំង និងប្រទេសជប៉ុន ដើម្បីបំប៉នសមត្ថភាពត្រៀម ស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ទៀតថា កីឡាករទោចក្រយាន៤រូប ដែលសហព័ន្ធជ្រើសរើសទៅហ្វឹកហាត់នៅក្រៅប្រទេស គឺឆ្លងកាត់ការធ្វើតេសសមត្ថភាពពីសហព័ន្ធ និងការឯកភាព ពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលបានធ្វើការតាមដានយ៉ាងសុក្រិតភាពបំផុត ។ លោក អះអាងថា ២ប្រទេសខាងលើ ដែលសហព័ន្ធគ្រោងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នោះ គឺប្រទេសបារាំង រយៈពេល៣ខែ ចេញដំណើរពីខែកុម្ភៈ ត្រលប់មកវិញនៅចុងខែមេសា ឆ្នាំ២០២១ រីឯប្រទេសជប៉ុនវិញ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដោយមានកម្មវិធីហ្វឹកហាត់ និងកម្មប្រកួតផងដែរ ។
លោក នូ ចំរើន បានបញ្ជាក់ទៀតថា មូលហេតុដែលសហព័ន្ធសម្រេចបញ្ជូនអត្តពលិក៤រូប ទៅហ្វឹកហាត់នៅបារាំង និងជប៉ុន ក្នុងឆ្នាំ២០២១នេះ ដោយសារប្រទេសទាំងពីរនេះ គឺជាដៃគូរធ្លាប់សហការល្អជាមួយគ្នាពីមុនមក ។ ម្យ៉ាងវិញទៀតប្រទេសទាំង២នេះ គឺអំណោយផលសម្រាប់ការហ្វឹកហាត់ នឹងជួយជម្រុញឲ្យអត្តពលិកមានការអភិវឌ្ឍរីកចំរើនសមត្ថភាពលឿន ពិសេសពួកគេអាចបន្សាំខ្លួន និងអាកាសធាតុ ត្រៀមប្រកួតនៅឆាកអន្តរជាតិ ។
សូមបញ្ជាក់ថា កីឡាករ៤រូប ដែលសហព័ន្ធគ្រោងបញ្ជូនទៅហ្វឹកហាត់ និងប្រកួត នៅប្រទេសបារាំង និងជប៉ុននោះ មានកីឡាករ គីម ចន្ធូ , ពុទ្ធ លយរស្មី , សាន់ ដាម៉ា និងកីឡាករ សាន់ ដាម៉ៅ អ្នកទាំង៤នេះ និងហ្វឹកហាត់លើជំនាញវិញ្ញាសាកង់កក់ ៕