អាជ្ញាធរថៃព្រមានបិទប្រទេសទាំងមូលនៅខែមិនា ឆ្នាំក្រោយ ប្រសិនបើប្រជាជនមិនចូលរួមសហការដើម្បីទប់ស្កាត់ Covid-19
ថៃ៖ អាជ្ញាធរដោះស្រាយវិបត្តិ Covid-19 របស់ប្រទេសថៃ នៅថ្ងៃសុក្រម្សិលមិញបានចេញការព្រមានធ្ងន់ថា សូមសហការជាមួយគោលការណ៍ណែនាំរបស់យើងបើមិនដូច្នោះទេ នឹងមានការបិទប្រទេសថៃទាំងមូលតែម្តង នៅត្រឹមខែមីនា ឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មាន បាងកកប៉ុស្តិ៍នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ CCSA លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បញ្ជាក់ថា វិធានការចុងក្រោយនឹងត្រូវអនុវត្ត ប្រសិនបើមិនមានកិច្ចសហប្រតិបត្តិការត្រឹមត្រូវពីសំណាក់ប្រជាពលរដ្ឋ និង បើសិនស្ថានភាពមិនអាចគ្រប់គ្រងបាននោះ ។
ការព្រមានខ្លាំងៗខាងលើនេះ បានកើតមានឡើងស្របពេលដែលលោកវេជ្ជបណ្ឌិត Taweesilp កំពុងធ្វើការដោះស្រាយនូវក្តីព្រួយបារម្ភជាទូទៅ បន្ទាប់ពីមានការផ្ទុះឡើងនៃករណីឆ្លងថ្មីៗដែលកើតចេញពីផ្សារលក់គ្រឿងសមុទ្រមួយ ក្នុងខេត្ត សាមុត សាខន ដែលប៉ះពាល់ដល់ពលករចំណាកស្រុកភាគច្រើន ៕