រដ្ឋបាលខេត្តកំពតអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យឲ្យគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ
ដើម្បីធានាដល់ការអភិវឌ្ឍដីប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព គុណភាព ប្រកបដោយចីរភាព តាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពតបានអំពាវដល់ក្រុមហ៊ុនអចលនទ្រព្យ ឬ ម្ចាស់គម្រោងអភិវឌ្ឍដីទាំងអស់ សូមបន្ថែមការយកចិត្តទុកដាក់ អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តិផ្សេងៗឲ្យបានម៉ឹងម៉ាត់ ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីអំពីការងារប្រមូលចំណូលរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា កំពតមានសកត្តានុពលខ្លាំងណាស់ និងអំណោយផលដល់់ការងារប្រមូលចំណូលសម្រាប់ខេត្ត។ ពិសេសវិស័យធំៗពីរ គឺវិស័យអចលនទ្រព្យ ឬ គម្រោងអភិវឌ្ឍដី និងវិស័យរ៉ែ ដែលបច្ចុប្បន្នកំពុងមានសកម្មភាពយ៉ាងមមាញឹក ។ ប៉ុន្តែដោយសារការអនុវត្តច្បាប់នៅខ្វះចន្លោះ និងមានចំណុចប្រឈមច្រើន ទើបធ្វើឲ្យប្រាក់ចំណូលរបស់ខេត្តនៅមានកម្រិត ។
ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសូរិយោដីខេត្តកំពត លោក ដាញ់ សារី បានលើកឡើងថា នៅក្នុងភូមិសាស្ត្រខេត្តកំពតមានក្រុមហ៊ុនអចលនាទ្រព្យ គម្រោងអភិវឌ្ឍដីនៅក្នុង ក្រុង/ស្រុក ទាំង ៨ មានចំនួនសរុប ៧០ គម្រោង ក្នុងនោះគម្រោងដែលមានលិខិតអនុញ្ញាតអភិវឌ្ឍជីមានចំនួន ២៣គម្រោង, គម្រោងដែលគ្មានលិខិតអនុញ្ញាតអភិវឌ្ឍដី មានចំនួន ៤៨ គម្រោង និង៣គម្រោងកំពុងដំណើរការស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដី។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ប្រសិនបើម្ចាស់គម្រោងអភិវឌ្ឍដី មិនបានគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិត្រឹមត្រូវទេ នោះការអភិវឌ្ឍដី នឹងក្លាយជាបន្ទុក របស់រាជរដ្ឋាភិបាលនៅពេលមានបញ្ហាណាមួយកើតឡើង ។
ឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញ និងពាក់ព័ន្ធ បានអំពាវនាវដល់ ក្រុមហ៊ុនអចលនទ្រព្យ ឬម្ចាស់គម្រោងអភិវឌ្ឍន៍ដី សូមយកចិត្តទុកដាក់ ពង្រឹងការអនុវត្តមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិឲ្យបានម៉ឺងម៉ាត់ ដើម្បីចៀសវាងការដាក់ពិន័យពីមន្ត្រីជំនាញ៕Sila Sarin