ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយឈ្នះឈ្នះ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា» (វគ្គទី៧)
ក្នុង វគ្គទី៦ ទូរទស្សនិកជន បានជ្រាបនូវមុខព្រួញរបស់នយោបាយឈ្នះឈ្នះទៅកាន់តំបន់អន្លង់វែងដែលជាសំបុក ចុងក្រោយរបស់ខ្មែរក្រហមប៉ុលពត។ ក្នុងវគ្គមុននេះ យើងបានជ្រាបពីការរត់ភៀសខ្លួនរបស់មេខ្មែរក្រហមតាម៉ុក, នួនជា និងសុនសេន ពីតំបន់សំឡូតទៅពាមតា និងបន្តពីពាមតា ទៅអន្លង់វែងវិញ ដែលនៅទីនោះ ប៉ុលពតបាន ស្តីបន្ទោសដល់តាម៉ុក, នួនជានិងសុនសេន ជាខ្លាំងពាក់ព័ន្ធនឹងការបាតបង់តំបន់គ្រប់គ្រងភាគពាយព្យនិងបស្ចិមប្រទេស។ ប្រិយមិត្តអ្នកអាន បានជ្រាបខ្លះផងដែរជុំវិញការសម្លាប់សុនសេននិងក្រុមគ្រួសារមួយពូជនៅអន្លង់វែង។
ការសម្លាប់ក្រុមគ្រួសារ លោក សុនសេន ដែលជាយុទ្ធមិត្តរួមស្លាប់រស់ជាមួយប៉ុលពត បានចោទជាសំណួរមួយ ថាតើហេតុអ្វីបានជាប៉ុលពតបានដាច់ចិត្តសម្លាប់មិត្តរួមអាវុធគ្នាឯងដែលធ្វើការតស៊ូជាមួយគ្នារាប់សិបឆ្នាំហើយ មកនេះ?
គោលការណ៍៣ចំណុចនៃនយោបាយឈ្នះឈ្នះ បានបំបាក់ទឹកចិត្តស្មារតីប្រយុទ្ធរបស់ខ្មែរក្រហមដែលមើល ឃើញថាការតស៊ួក្នុងព្រៃប្រឆាំងខ្មែរនិងខ្មែរ មិនអាចជាដំណោះស្រាយដើម្បីការផ្សះផ្សារជាតិនោះឡើយ។ ប៉ុន្តែ ដំណោះស្រាយ៣ចំណុច ដែលរួមមានការរក្សាសុវត្ថិភាពអាយុជីវិត, ការរក្សាអាជីពនិងមុខរបរ និង ការរក្សា ទ្រព្យសម្បត្តិអ្នកដែលបានធ្វើសមាហរណកម្មចូលជាមួយរដ្ឋាភិបាលនោះទេ គឺជាចំណុចសំខាន់នៃការផ្សះផ្សារ ជាតិនិងបញ្ចប់សង្គ្រាម។
ភាពប៉ិនប្រសប់នៃនយោបាយអូសទាញរបស់រាជរដ្ឋាភិបាលដើម្បីឲ្យប្អូនថ្លៃរបស់ សុន សេនឈ្មោះ នី កន បាន ចុះចូលជាមួយនឹងកម្លាំងរាជរដ្ឋាភិបាល, គួបផ្សំនឹងការបាត់បង់តំបន់សំឡូត …តំបន់ ប៉ៃលិន…តំបន់ម៉ាឡៃភ្នំព្រឹក្សនៃរណសិរ្ស២៥០ បាននាំអោយរឿងរបស់ សុន សេន ជាមុខព្រួញនៃការកំទេច។ ប៉ុលពតដែលមានបាតដៃប្រឡាក់ឈាម មិនចង់អោយមានខ្សែបណ្តាញរបស់ នី កន ដែលចុះចូលជាមួយនឹងរាជរដ្ឋាភិបាល ស្ថិតនៅក្នុងអន្លង់វែងដែលជាមូលដ្ឋានតែមួយ និងចុងក្រោយរបស់ខ្មែរក្រហមក្នុងការតស៊ូប្រឆាំងនឹងរាជរដ្ឋាភិបាលនោះឡើយ។
ការឈានទៅសម្លាប់សុនសេននៅក្នុងអន្លង់វែងកាលពីខែមិថុនាឆ្នាំ១៩៩៧នោះ គឹនៅបន្ទាប់ពីប្រមុខដឹកនាំ យុទ្ធសាស្ត្រឌីហ្វីដ បានសិក្សាស្វែងយល់អំពីចិត្តសាស្ត្រនៃបណ្តាមេដឹកនាំខ្មែរក្រហមនានាជាពិសេសប៉ុលពត ដែលតែងតែមានចរឹតសង្ស័យច្រើន។ នេះគឺជាប្រវត្តិដែលជាប់ពាក់ព័ន្ធខ្លះ ដែលបានកើតឡើងនៅអន្លង់វែងនៅមុនពេលដែល លោក សុន សេន និងក្រុមគ្រួសារត្រូវបានក្រុមខ្មែរក្រហម ប៉ុលពត សម្លាប់។
ព្រឹត្តិការណ៍ប្រទាញប្រទង់កម្លាំងតាម៉ុក និងប៉ុលពត នៅអន្លង់វែងមុនហេតុការណ៍បាញ់សម្លាប់ សុន សេននិងគ្រួសារមួយពូជ៖
ក្រោយកិច្ចប្រជុំខែវិច្ឆិកាឆ្នាំ១៩៩៦ដែលប៉ុលពតបានស្តីបន្ទោសដល់តាម៉ុកនិងសម្តីព្រមានរបស់ប៉ុលពតក្នុងការដកសេចក្តីទុកចិត្តពីមេខ្មែរក្រហមទាំង៣…តាម៉ុកក៏ចាប់ផ្តើមដកសេចក្តីទុកចិត្តពីប៉ុលពតវិញនោះដែរពីព្រោះ តាម៉ុកបានមើលឃើញថាប៉ុលពត បានប្រើមេខ្មែរក្រហមជាមនុស្សជំនិតម្នាក់ឈ្មោះសារឿន ជាអ្នកចាត់ចែងធ្វើការងារជំនួសតាម៉ុកទាំងអស់នៅអន្លង់វែង។
នៅខែកុម្ភៈ ឆ្នាំ១៩៩៧ ប៉ុលពត បានធ្វើសមាជមួយនៅអន្លង់វែង។នៅក្នុងសមាជនោះមានមនុស្សប្រមាណ ២០០ នាក់បានចូលរួម។គេគ្រោងធ្វើសមាជនោះចំនួន៧ថ្ងៃ ប៉ុន្តែធ្វើបានតែបួនថ្ងៃនោះទេគឺចាប់ពីថ្ងៃទី២៧ ខែកុម្ភៈរហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៧។គោលបំណងនៃសមាជនោះគឺដើម្បីជ្រើសរើសរកមេដឹកនាំថ្មីរបស់បក្ស។ការធ្វើសមាជនោះគឺរៀបចំឡើងដោយក្រុមរបស់ប៉ុលពតនិងគេមិនអោយតាម៉ុកនួនជានិងសុនសេន បានដឹងនោះឡើយ។
សូមជំរាបថាក្រោយពីតាម៉ុកនួនជា និងសុនសេន បានវិលត្រឡប់មកអន្លង់វែងវិញ…ការរៀបចំស្នាក់នៅថ្មីរបស់អ្នកទាំង៣គឺស្រេចតែប៉ុលពតបានសម្រេច។ ដូច្នេះប៉ុលពតមិនបានអោយអ្នកទាំង៣បានស្នាក់នៅក្បែរអ្នកស្រុកនៅ អន្លង់វែងនោះទេ។ផ្ទះរបស់អ្នកទាំង៣ត្រូវប៉ុលពតបានធ្វើអោយនៅក្បែរគ្នា…ប៉ុន្តែឆ្ងាយពីភូមិអ្នកស្រុករស់នៅ។
ឯកសាររបស់ លោក ខឹម ងួន សរសេរថាផ្ទះថ្មីរបស់អ្នកទាំង៣គឺមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីភូមិអ្នកស្រុកនៅអន្លង់វែង។ ក្នុងសមាជដែលរៀបចំធ្វើនៅអន្លង់វែងពីថ្ងៃទី២៧កុម្ភៈ រហូតដល់ថ្ងៃទី២ មីនាឆ្នាំ១៩៩៧នោះ គឺប៉ុល ពតក៏មិនបានចូលរួមដែរប៉ុន្តែគាត់អោយលោក សារឿន ដែលជាមនុស្សជំនិតទៅចាត់ចែងធ្វើការងារនេះ។ លោកសារឿន តែងទៅរាយការណ៍ជូនប៉ុលពតរៀងរាល់ល្ងាចនូវសភាពការណ៍នានាដែលបានកើតឡើង។
សូមបញ្ជាក់ថានារយៈពេលចុងក្រោយនេះប៉ុលពតចាប់ផ្តើមមានជម្ងឺបេះដូងហើយ។នាពេលប្រជុំជាមួយតាម៉ុក នួនជា សុនសេន នាពេលចុងក្រោយនោះគាត់ក៏បានត្អូញត្អែរអំពីជម្ងឺបេះដូងរបស់គាត់នោះដែរ។គាត់បានទទួលការបញ្ចូលខ្យល់អុកស៊ីហ្សែនជាប្រចាំទៅហើយនៅក្នុងការបន្តជីវិតជារៀងរាល់ថ្ងៃនោះ។
អាការៈដែលប៉ុលពត បានឈឺនោះគឺចាប់តាំងពីខែវិច្ឆិកាឆ្នាំ១៩៩៥នោះមកដែលពេលខ្លះមានពេទ្យមកពីប្រទេសថៃបានចូលមកព្យាបាលគាត់នៅក្នុងអន្លង់វែងផងនោះដែរ។ ដោយសារជម្ងឺនោះភ្នែកឆ្វេងរបស់ប៉ុលពត ក៏ហាក់ដូចជាមើលលែងឃើញនោះទៀត។
យោងតាមឯកសារ ប៉ុលពត ធ្លាប់បានចេញពីអន្លង់វែងចេញទៅ ប្រទេសថៃដើម្បីព្យាបាលផងដែរប៉ុន្តែមិនមានការកត់ត្រាថ្ងៃនិងខែណាច្បាស់លាស់អំពីការចេញទៅព្យាបាលនោះទេ។
សមាជបក្សដែលរៀបចំតែងតាំងមនុស្សថ្មី បានជ្រើសរើសមនុស្សក្នុងគណៈកម្មាធិការថ្មី ដើម្បីដឹកនាំអន្លង់វែង ពីព្រោះកាលពីមុនសមាសភាពមនុស្សដឹកនាំអន្លង់វែងភាគច្រើនគឺជាមនុស្សរបស់តាម៉ុក។ ការរើសមនុស្សនាពេលនោះត្រូវគេនិយាយថាបានធ្វើតាមរយៈការបោះឆ្នោត។នៅថ្ងៃធ្វើសមាជចុងក្រោយទី២ មីនាឆ្នាំ១៩៩៧ ដែលជាថ្ងៃត្រូវបោះឆ្នោតជ្រើសរើសមនុស្សក្នុងគណៈកម្មាធិការថ្មីដឹកនាំអន្លង់វែង…សារឿនដែលជាមនុស្សជំនិតរបស់ប៉ុលពត បាននាំទាហានរបស់ខ្លួនចំនួនប្រមាណ៥០នាក់មកពីកងពលលេខ៨០១… ៩២០… និង៧០៩ដើម្បី អោយទៅ ចូលរួមសមាជនិងចូលរួមការបោះឆ្នោតនោះ។
ការដែលនាំទាហានទៅចូលរួមនោះគឺដើម្បីយកមនុស្សរបស់ប៉ុលពត ដើម្បីទៅគាំទ្រមនុស្សជាបេក្ខជនដែលប៉ុលពត បានដាក់ដើម្បីគ្រប់គ្រងអន្លង់វែង។ ឈ្មោះបេក្ខជនដែលគ្រប់គ្រងអន្លង់វែងនោះមានឈ្មោះសារឿន ផងដែរ។ប៉ុន្តែនៅពេលបោះឆ្នោតសារឿន បានត្រឹមតែជាប់លេខ២… ចំណែកមនុស្សម្នាក់ទៀតឈ្មោះសាន បែរជាស្ថិតក្នុងលំដាប់លេខ១…ចំណែកលោក ខឹម ងួន ស្ថិតក្នុងលំដាប់លេខ៣ និងម្នាក់ទៀតឈ្មោះប៉ុលយ៉ានក្នុងលំដាប់លេខ៤។លទ្ធផលមិនដូចបំណងបានគិតនោះ បានធ្វើអោយសារឿន និងប៉ុលពតបានខឹងជាខ្លាំង។
ក្រោយសមាជរួច ប៉ុល ពត បានហៅអ្នកជាប់ឆ្នោតថ្មីទៅជួប។ ឯកសារលោក ខឹម ងួន បានសរសេរថាប៉ុលពតក្រោយពីដឹងថាគាត់មិនអាចមានលទ្ធភាពចូលរួមក្នុងសង្គមជាតិបាន…ហើយដឹងថាគ្មានប្រទេសណាមួយនឹងទទួលយកគាត់…ដូច្នេះប៉ុលពតបានរៀបយុទ្ធសាស្ត្រក្តោបអន្លង់វែងរហូតដល់ថ្ងៃចុងក្រោយរបស់គាត់។
យុទ្ធសាស្ត្រប៉ុលពតគឺទាត់តាម៉ុកចោលដោយមិនអោយគាត់គ្រប់គ្រងអន្លង់វែងបានទៀតនោះទេ។ប៉ុលពតបានតែងតាំងសមាជិកបន្ថែមចំនួន១២នាក់ទៀតដែលនាំអោយចំនួនគណៈកម្មាធិការថ្មីដែលត្រូវគ្រប់គ្រងអន្លង់វែងនោះមានចំនួនទាំងអស់២៣នាក់។ ប៉ុលពតបានហាមគណៈកម្មាធិការថ្មីមិនអោយជួបតាម៉ុកនិងមិនអោយ និយាយរឿងនោះប្រាប់តាម៉ុកទេដោយប៉ុលពតនិយាយថាទុកអោយកិច្ចការនោះគាត់ជាអ្នកធ្វើ។
ប៉ុន្តែ៣ថ្ងៃក្រោយការតែងតាំងនោះរួចតាម៉ុកក៏បានដឹងអំពីរឿងនោះ។ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៩៧លោកនូ…លោក ខឹមងួន…លោកប៉ុលយ៉ាន…បាននាំគ្នាទៅជួបតាម៉ុក នួនជា និងសុនសេន ដោយមិនអោយប៉ុលពតបានដឹងនោះឡើយ។ តាម៉ុកបាននិយាយថាការដែលលើកឈ្មោះសានជាប្រធាន…គាត់មិនថាអ្វីនោះទេ…ប៉ុន្តែបើសិនជាលើកឈ្មោះសារឿនធ្វើជាប្រធានគាត់នឹងមិនទទួលស្គាល់នោះឡើយ។នួនជានាពេលនោះបានប្រាប់តាម៉ុក…កុំអោយមានប្រតិកម្មដើម្បីកុំអោយមានការបែកបាក់…។តាម៉ុកបានជឿសម្តីនួនជាមួយរយៈពេលនាពេលនោះ។ប៉ុន្តែរឿងនោះមិនអាចទប់កំហឹងតាម៉ុកបានទេ…ដោយសារតែតាម៉ុកជាមនុស្សចិត្តខ្លាំងហើយឆាប់ខឹងណាស់។ តាម៉ុកបានទុកពេលវេលានោះអោយដើរទៅមុខរហូតដល់ពាក់កណ្តាលខែមេសាឆ្នាំ១៩៩៧…ទើបបានប្រាប់ លោកខឹមងួន ថាគាត់មិនទទួលស្គាល់គណៈកម្មាធិការថ្មីនោះទេ។
ដើម្បីទប់ទល់នឹងនយោបាយរបស់ប៉ុលពត តាម៉ុកបានប្រាប់អោយ ខឹម ងួន នាំមនុស្សរបស់គាត់ម្តងម្នាក់ៗ ដើម្បីមកជួបគាត់ក្នុងបំនងអោយពួកគេរាយការណ៍អំពីសកម្មភាពរបស់ សារឿន ដែលជាមនុស្សរបស់ប៉ុលពតនោះ។
នៅថ្ងៃទី១ឧសភាឆ្នាំ១៩៩៧ ក្នុងការទប់ទល់ជាមួយតាម៉ុកនោះវិញ សារឿន បានបើកកិច្ចប្រជុំ គណៈកម្មាធិការថ្មី។ ក្នុងពេលនោះ លោក ខឹម ងួន បានយកលេសថាឈឺដោយ មិនបានចូលរួមនោះទេ។
កិច្ចប្រជុំនោះគឺដើម្បីដកមនុស្ស ដែលស្និទ្ធជាមួយតាម៉ុកចេញពីគណៈកម្មាធិការ។ ក្នុងកិច្ចប្រជុំនោះសារឿនបានបន្ទោសតាម៉ុកថា បានធ្វើអោយបាត់បង់មូលដ្ឋានខ្មែរក្រហមនៅភាគពាយព្យប្រទេស។ សារឿននៅបានបន្ទោសតាម៉ុករឿងយកលុយធ្វើទំនប់ទឹកនិងធ្វើផ្លូវថែមទៀត។ សារឿនចោទថាការធ្វើទំនប់ទឹកនិងធ្វើផ្លូវគឺមិនបានផ្តល់ប្រយោជន៍ដល់ប្រជាជនក្នុងអន្លង់វែងនោះទេ។ការបន្ទោសរបស់សារឿនបានធ្វើអោយមានការឈ្លោះប្រកែក សម្តីគ្នាដោយសារតែមានមនុស្សខ្លះកាន់ជើងតាម៉ុក។ លោកនូ ដែលស្ថិតក្នុងគណៈកម្មាធិការថ្មីបានជំទាស់នឹងសម្តីរបស់សារឿនផងដែរនាពេលនោះ។ កិច្ចប្រជុំបានចប់នៅថ្ងៃរសៀលដោយគ្មានលទ្ធផលអ្វីណាមួយនោះទេ។
ក្រុមអ្នកគាំទ្រតាម៉ុកបាននាំគ្នាទៅជួបតាម៉ុកនិងរាយការណ៍អំពីអ្វីដែលបានកើតឡើងក្នុងកិច្ចប្រជុំនោះ។ ចំណែកក្រុមគាំទ្រប៉ុលពត បាននាំគ្នារាយការណ៍ទៅឲ្យប៉ុលពត។
ការចោទប្រកាន់តាម៉ុកដោយចេញមុខក្នុងកិច្ចប្រជុំរៀបចំដោយឈ្មោះសារឿននោះ បានធ្វើឲ្យតាម៉ុកក្តៅក្រហាយជាខ្លាំង។ នួនជា និងសុនសេន បានព្យាយាមលួងលោម តាម៉ុក ដើម្បីកុំអោយគាត់ខឹងនឹង សារឿន ខ្លាំងពេក។ ប្រមាណ២ទៅ៣ថ្ងៃក្រោយមក តាម៉ុកបានជួបលោក ខឹម ងួន លោក នូ លោក យ៉ាននិងលោក សែម។ តាម៉ុកលែង ហៅប៉ុលពត ថាបងដូចមុនទៀតហើយ។ តាម៉ុកចោទថាប៉ុលពតមានយុទ្ធសាស្ត្រកំទេចពួកគាត់ចោលហើយ។ តាម៉ុកបានចាប់ផ្តើមប្រមូលមនុស្សគាំទ្ររបស់គាត់ធ្វើការប្រឆាំងតបនឹងប៉ុលពតវិញ។
តាម៉ុកបានហៅមនុស្សរបស់ សារឿន ដែលមានឈ្មោះសែនសន និងឈ្មោះកែវ មកជួប ហើយនិយាយព្រមានប្រាប់អ្នកទាំងនោះថា គាត់នឹងចាប់ខ្លួនសារឿនក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខនេះ។ ឈ្មោះសែនសន និងកែវ បានប្រញាប់មកប្រាប់ សារឿន អោយដឹងហេតុការណ៍។ សារឿន បានប្រញាប់រត់គេចខ្លួន ទៅត្រពាំងប្រាសាទ ដែលជាស្រុកមួយនៅក្បែរអន្លង់វែងនោះ។ (នៅមានត)