សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា កំណត់យកការប្រកួតទ្រីយ៉ាត្លុង Asian Cup នៅប្រទេសថៃ ជា ការវាស់ស្ទង់សមត្ថភាព មុនស៊ីហ្គេម នៅវៀតណាម

លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រយ៉ាត្លុងកម្ពុជា បានបង្ហើបប្រាប់ អ្នកយក ព័ត៌មានទូរទស្សន៍អប្សរា កាលពីថ្ងៃម្សិលមិញថា ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរឡើងវិញ សហព័ន្ធនឹងបញ្ជូនអត្តពលិកជម្រើសជាតិជាច្រើនរូប ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាទ្រីយ៉ាត្លុង Asian Cup ដែលគ្រោងធ្វើអំឡុងខែកុម្ភៈ ឬខែមិនា ឆ្នាំ២០២១ នៅប្រទេសថៃ ។



អគ្គលេខាធិការខាងលើ អះអាងថា ព្រឹត្តិការណ៍ខាងលើនេះ ជាការប្រកួតកម្រិតខ្ពស់មួយ ចែកចេញជា២ប្រភេទ គឺកម្រិត Open និងកម្រិតអាជីព ដែលសហព័ន្ធគ្រោងបញ្ជូនអត្តពលិកទៅចូលរួមប្រកួតទាំង២ព្រឹត្តិការណ៌តែម្តង ។ លោក បានពន្យល់ថា ការប្រកួតនេះ សហព័ន្ធមិនរំពឹងទទួលបាន មេដាយត្រលប់មកវិញនោះទេ ពីព្រោះមានកីឡាករ កីឡាការិនីមកពីក្នុងតំបន់អាស៊ី និងអាស៊ីកណ្តាល ខ្លាំងៗចូលរួមច្រើន ដូចជា ជប៉ុន កូរ៉េ ចិន អារ៉ាប់ជាដើម ។ ដូច្នេះការចូលរួមរបស់កម្ពុជា គ្រាន់តែជាការវាស់ស្ទង់កម្រិតបច្ចេកទេសអត្តពលិក ដើម្បីយុទ្ធសាស្រ្តពង្រឹងផ្លូវចិត្តឆ្ពោះទៅប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៌ កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណា ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Asian Cup ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងរៀបចំ ក្នុងអំឡុងខែកម្ភៈ ឬខែមិនា ឆ្នាំ២០២១ខាងមុខនេះ ក្នុងនោះកម្ពុជា គ្រោងបញ្ជូនអត្តពលិកជម្រើសជាតិចំនួន១៤នាក់ ចូលរួម ក្នុងនោះ១២នាក់កម្រិត Open និង២នាក់ប្រកួតកម្រិតអាជីព ៕

