សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ព្រោះបង្កើត Facebook ក្លែងក្លាយដាក់រូបស្រីស្អាត ឆាតលួងលោមបុរសៗដើម្បីបានវីដេអូ និងរូបភាពអាក្រាត រួចគំរាមទារប្រាក់
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យម្នាក់ដែលបង្កើតគណនី Facebook ក្លែងក្លាយប្រើប្រាស់រូបភាពនារីស្អាតៗ ហើយឆាតលួងលោមបុរសៗ ដើម្បីបានវីដេអូ និងរូបភាពអាក្រាតកាយ រួចគំរាមបង្ហោះចែកចាយជាសាធារណៈបើជនរងគ្រោះមិនផ្ដល់លុយ តាមអ្វីដែលគេទាមទារនោះ ។ ការចាប់ខ្លួនជនសង្ស័យខាងលេីនេះ គឺនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះដែរ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រួចលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ហែម បូណា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះបង្ក្រាបផ្ទាល់តែម្ដង ។
ជនសង្ស័យមានឈ្មោះ ម៉ាក់ ហាក់ចិត្រា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិផ្សារថ្មី ឃុំ១៣មករា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការចាប់ខ្លួននេះ នៅពេលដែលជនសង្ស័យកំពុងធ្វើដំណើរទៅដកប្រាក់ ក្រោយគំរាមទារបានសម្រេចពីបុរសជនរងគ្រោះម្នាក់ ដែលមានទីលំនៅក្នុងខណ្ឌទួលគោក។
ក្រោយពីការចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងជំនាញបានរកឃើញថា ក្នុងទូរស័ព្ទរបស់ជនសង្ស័យ មានសុទ្ធតែរូបភាព និងវីដេអូអាក្រាតរបស់បុរសៗជាច្រើន ដែលសុទ្ធតែអ្នកចាញ់បោកជនដៃ តាមរយៈការលួងលោម និងផ្ញើរូបភាព ក៏ដូចជាវីដេអូរបស់នារីស្អាតដើម្បីឲ្យជនរងគ្រោះទន់ចិត្ត ហើយធ្វើអ្វីតាមការប្រាប់របស់ជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញ បានកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ជៀសវាងបាញ់បោកជនខិលខូចដែលប្រើប្រាស់រូបភាពបែបនេះ ឬស្រដៀងករណីនេះ ព្រោះករណីនេះមិនមែនទើបតែកើតមាននោះទេ៕ដោយ៖ ភារ៉ា និងប៊ុនធី