សភាអាមេរិកបោះឆ្នោតបដិសេធសិទ្ធិវេតូរបស់លោក ដូណាល់ ត្រាំ លើសេចក្តីព្រាងច្បាប់ការពារជាតិ
អាមេរិក៖ សភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) បានបោះឆ្នោតរារាំងសិទ្ធិវេតូរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើច្បាប់ការ ពារជាតិ ដែលត្រូវបានគេស្គាល់ថា ច្បាប់ផ្តល់សិទ្ធិការពារជាតិ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។
ដំបូងឡើយ សេចក្តីព្រាងច្បាប់ការពារជាតិខាងលើនេះ បានឆ្លងកាត់ទាំងរដ្ឋសភានិងព្រឹទ្ធសភាជាមួយសំឡេងភាគច្រើន ប៉ុន្តែចំពេលមានការប្រឆាំងជាបន្តពីសំណាក់លោក ដូណាល់ ត្រាំ ។ ដូច្នេះគេមិនច្បាស់ទេថាតើការប៉ុនប៉ងបដិសេធនឹងទទួលបានជោគជ័យ ឬ ថាតើការប្រើសិទ្ធវេតូអាចបានសម្រេចដែរឬក៏អត់ ។
សូមជម្រាបថា ច្បាប់ថវិការបស់រដ្ឋាភិបាលអាមេរិក បានចំណាយទឹកប្រាក់ជាង ៧៤០ពាន់លានដុល្លារសម្រាប់ចំណាយលើវិស័យការពារជាតិ គឺរួមបញ្ចូលទាំងការដំឡើងប្រាក់ខែដល់ទាហានអាមេរិក ការធ្វើទំនើបកម្មគ្រឿងបរិក្ខារ និងបទប្បញ្ញត្តិនានា ដើម្បីទាមទារឲ្យមានការត្រួតពិនិត្យបន្ថែមទៀត មុនពេលកងទ័ពត្រូវបានដកចេញពីប្រទេសអាល្លឺម៉ង់ ឬអាហ្វហ្គានីស្ថាន ប៉ុន្តែកញ្ចប់ថវិកានេះត្រូវជាប់គាំង ក្រោយលោក ត្រាំ គំរាមប្រឆាំងនឹងវា ៕

