អ៊ីរ៉ង់អះអាងថា ខ្លួនចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត២០ភាគរយ ដោយមិនខ្វះពីក្រសែភ្នែករបស់សហរដ្ឋអាមេរិក
អាមេរិក៖ អង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) នៅល្ងាចថ្ងៃចន្ទនេះប្រកាសថា សារធាតុអ៊ុយរ៉ាញ៉ូម២០ភាគរយ បានចាប់ផ្តើមចម្រាញ់នៅឯរោងចក្រនុយក្លេអ៊ែរក្រោមដី ហ្វ័រដូវ របស់ខ្លួន និងបានឈានដល់កម្រិតស្ថេរភាពហើយ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។
ទន្ទឹមគ្នា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ ក៏បានបង្ហោះសារនៅលើ Twitter របស់លោកនៅថ្ងៃដដែលថា សកម្មភាពរបស់អ៊ីរ៉ង់ បានអនុលោមយ៉ាងពេញលេញ ស្របទៅតាមកថាខណ្ឌទី៣៦ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA) បន្ទាប់ពីការមិនគោរពច្បាប់អស់រយៈពេលជាច្រើនឆ្នាំ ដោយអ្នកចូលរួម នៃកិច្ចព្រមព្រៀងនេះជាច្រើនផ្សេងទៀត ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ង់ដែលបានចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត២០ភាគរយ គឺជាការប៉ុនប៉ងយ៉ាងច្បាស់មួយ ដើម្បីបង្កើនយុទ្ធនាការនៃការគំរាមកំហែងនុយក្លេអ៊ែរ ដែលជាការប៉ុនប៉ងមួយដែលនឹងបន្តទៅរកការបរាជ័យ ។ បន្ថែមលើនេះ សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ នឹងបន្តឃ្លាំមើលអធិការ នៃទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិក (IAEA) ដើម្បីរាយការណ៍អំពីអង្គហេតុនៅនឹងកន្លែង ៕