ថវិកាចំនួន៦ពាន់៤០០ដុល្លារអាមេរិក ត្រូវបាន អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ឧបត្ថម្ភជូន ដល់អង្គភាពវរសេនាតូចការពារព្រំដែនលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប
ថវិកាចំនួន៦ពាន់៤០០ដុល្លារអាមេរិក ត្រូវបានឯកឧត្តមបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្ត មណ្ឌលសៀមរាប ក្នុងនាមប្រធានក្រុមសម្ព័ន្ធមេត្រីភាព ឧបត្ថម្ភជូនដល់អង្គភាពវរសេនា តូចការពារព្រំដែនលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលបច្ចុប្បន្ននេះមាន ទីតាំងឈរជើងនៅក្នុងភូមិសាស្ត្រអូតកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប។ ថវិកាឧបត្ថម្ភទាំងនេះ បានមកពីការចូលរួមនៃសមាជិករបស់ក្រុមសម្ព័ន្ធមេត្រីភាពនោះ ដែលមួយចំនួនជាមន្រ្តីរាជការ និងមួយចំនួនទៀតជាពាណិជ្ជករ និងអាជីករក្នុងក្រុងសៀមរាប ។ ការជួយឧបត្ថមលើកនេះ គឺសម្រាប់បំពេញឲ្យការសាងសង់ ផ្ទះបាយថ្មីមួយខ្នង ក្នុងន័យលើកកម្ពស់អនាម័យ និងសុខភាពជូនដល់កម្លាំងកងទ័ព។
លើកឡើងនៅក្នុងពិធីប្រគល់ថវិកាឧបត្ថម្ភនេះ ដែលបានធ្វើឡើងនៅសណ្ឋាគារស៊ីធី-អង្គរ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ដោយមានវត្តមានលោកឧត្តមសេនីយទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប មានប្រសាសន៍ថា៖ ១២ឆ្នាំកន្លងមកហើយ ចំណងសម្ព័ន្ធមេត្រីភាពនេះនៅតែរក្សាបាននូវភាពរឹងមាំ និងកាន់តែមានតម្លៃថែមទៀត ទៅលើគោលនយោបាយពង្រឹងខឿនការពារជាតិរបស់ប្រជាជន ។ លោកមេបញ្ជាការ បានរំលឹកថា និយាយជាទូទៅ ក្រុមចងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នស៊ីវិលសមរភូមិក្រោយ ជាមួយបណ្តាអង្គភាពប្រដាប់អាវុធនៅសមរភូមិមុខ ត្រូវបានបង្កើតឡើងក្រោមអានុសាសន៍ដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកាលពី១២ឆ្នាំមុន ដែលកងទ័ពកម្ពុជា កំពុងស្ថិតក្នុងសមរភូមិការពារបូរណភាពដែនដី កសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។ មកដល់ពេលបច្ចុប្បន្ននេះ ក្រុមសម្ព័ន្ធមេត្រីភាពទូទាំងប្រទេស បាននិងកំពុងបំពេញកាត្វកិច្ចរបស់ខ្លួន រួមចំណែកជួយឧបត្ថម្ភដល់ការអភិវឌ្ឍអង្គភាពដៃគូរបស់ខ្លួន ។ ជាកត្តាបង្ហាញជាក់ស្តែង តាមរយៈនៃក្រុមចងសម្ព័ន្ធមេត្រីភាព ដែលដឹកនាំដោយឯកឧត្តមតំណាងរាស្រ្ត សៀងណាំ អង្គភាពវរសេនា តូចការពារព្រំដែនលេខ១ មកដល់ពេលនេះ កសាង បានទីតាំងបញ្ជា ការដ្ឋានរឹងមាំមួយកន្លែង នៅចំណុចភូមិសាស្រ្តអូរកូនតឹង នៃស្រុកវ៉ារិន ខេត្ត សៀមរាប ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប