ប្រទេសនាំចេញអង្ករធំបំផុតទី 3 លើពិភពលោកវៀតណាមបានបញ្ជាទិញអង្ករពីប្រទេសគូប្រជែងរបស់ខ្លួន

បរទេស៖ នេះគឺជាលើកដំបូងមិនធ្លាប់មានឡើយអស់រយៈពេលជាច្រើនទសវត្សមកហើយដែលប្រទេសវៀតណាមក្នុងនាមជាប្រទេសនាំចេញអង្ករធំបំផុតទី3 លើពិភពលោកបែរជាបានធ្វើការបញ្ជាទិញអង្គរមួយចំនួនពីប្រទេសឥណ្ឌាដែលជាប្រទេសគូប្រជែងរបស់ខ្លួននៅក្នុងទីផ្សារទៅវិញ។

យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ 4 រូបដែលមិនបានបង្ហាញអត្តសញ្ញាណទៅកាន់សារព័ត៌មានរ៉យទ័របានបញ្ជាក់ថាមូលហេតុដ៏សំខាន់នៅពីក្រោយការសម្រេចចិត្តរបស់វៀតណាមលើកនេះគឺធ្វើឡើងដោយសារតែតម្លៃអង្ករក្នុងស្រុកកំពុងហក់ឡើងខ្ពស់ពេកមិនធ្លាប់មានក្នុងរយៈពេល 9 ឆ្នាំចុងក្រោយ ព្រមទាំងការផ្គត់ផ្គង់ក្នុងស្រុកមានចំនួនកំណត់ផងដែរ។

ការបញ្ជាទិញនេះក៏អាចបង្ហាញឲ្យគេឃើញផងដែរអំពីភាពតានតឹងខ្លាំងនៃការផ្គត់ផ្គង់នៅទូទាំងតំបន់អាស៊ីទាំងមូល ដែលធ្វើឲ្យតម្លៃអង្ករអាចឡើងថ្លៃបន្ថែមទៀតសម្រាប់ឆ្នាំ2021 នេះ ជាពិសេសវានឹងធ្វើឲ្យក្រុមឈ្មួញទិញអង្កររបស់ថៃ និងវៀតណាមចាប់ផ្តើមនាំគ្នាងាកទៅមើលការបញ្ជាទិញអង្ករពីឥណ្ឌាវិញជាមិនខាន។

ប្រភពរ៉យទ័រដដែលបានបញ្ជាក់ទៀតថាក្រុមអ្នកជំនួញរបស់ឥណ្ឌាបានទទួលកុងត្រាក្នុងការនាំចេញប្រភេទអង្ករបាក់ ឬ Broken Riceកម្រិត 100ភាគរយ និងអង្ករស្តង់ដាតម្លៃ 310 ដុល្លារក្នុងមួយតោន ប្រមាណជា70,000 តោនសម្រាប់ខែមករា។

អ្នកជំនាញជាច្រើនបានអះអាងថា បញ្ហារាតត្បាតនៅលើសកលលោកដោយសារកូវីដបានបង្ខំឲ្យប្រទេសជាច្រើនបូករួមទាំងវៀតណាមផងដែរ សុទ្ធតែបានធ្វើការបញ្ជាទិញថែម ឬបង្កកអង្ករដើម្បីស្តុកទុករៀងៗខ្លួន។ជាក់ស្តែងវៀតណាមធ្លាប់បានប្រកាសហើយកាលពីឆ្នាំទៅថា ឃ្លាំងស្តុកអង្កររបស់ខ្លួននឹងអាចមានទំហំដល់ទៅ 270,000តោនដែលត្រៀមរួចរាល់ និងធ្វើឲ្យប្រាកដថាប្រទេសនឹងមានស្ថេរភាព និងតុល្យភាពម្ហូបអាហារក្នុងពេលដែលកូវីដកំពុងបន្តវាយប្រហារប្រព័ន្ធផ្គត់ផ្គង់អង្ករនៅទូទាំងពិភពលោក៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner