បណ្តាញសារព័ត៌មានបរទេសសរសេរពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅខេត្តសៀមរាបបានក្លាយជាផលិតផលទេសចរណ៍ទាក់ទាញបំផុត
ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានសរសេរចេញផ្សាយថា ខេត្តសៀមរាបមួយរយៈចុងក្រោយនេះត្រូវបានគេមើលឃើញបានក្តោបយកគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនដែលមានន័យថាក្រៅតែពីប្រាសាទអង្គរដ៏ល្បីល្បាញ ខេត្តមួយនេះនឹងបង្ហាញវត្តមានផលិតផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញជាច្រើនទៀតនាពេលខាងមុខ ដោយមួយក្នុងចំណោមនោះគឺជាគម្រោងសួនឧទ្យានកំសាន្តអង្គរដែលទើបតែបានប្រកាសអំពីទីតាំងផ្លូវការរបស់ខ្លួនស្ថិតនៅជិតនឹងបរិវេណឧទ្យានជាតិអង្គរ។
ក្រៅពីនោះ គម្រោងយក្សដ៏ធំមួយទៀតដែលស្ថិតនៅជាយខេត្តសៀមរាបឯណោះវិញកំពុងបានព្យាយាមធ្វើយ៉ាងណាឲ្យគោលដៅប្រាសាទបន្ទាយស្រីកាន់តែមានភាពស្រស់ស្រាយ និងរស់រវើកថែមទៀតតាមរយៈផែនការអភិវឌ្ឍន៍បែបអេកូទេសចរណ៍របស់កោះសង្សារ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីឲ្យសៀមរាបអាចទាក់ទាញបានភ្ញៀវគ្រប់ជាតិសាសន៍ និងគ្រប់កម្រិតនោះ រដ្ឋាភិបាលកម្ពុជាក៏កំពុងចាប់ផ្តើមផែនការចំនួន 3 ផ្សេងទៀតផងដែរ។
គម្រោងធំបំផុតសម្រាប់ខេត្តសៀមរាបនៅបច្ចុប្បន្ននេះគឺជាគម្រោងសាងសង់ទីក្រុងរណបដែលវានឹងផុសរូបរាងឡើងនៅក្នុងចំងាយប្រមាណជា 60 គីឡូម៉ែត្រពីទីក្រុងអង្គរត្រង់ចំណុចភាគខាងកើតនៃខេត្តស្ថិតក្នុងស្រុកសូទ្រនិគមដែលនឹងក្លាយទៅជាទីកន្លែងប្រមូលផ្តុំទៅដោយអគារមជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់ៗ ដោយតាមផែនការមេរបស់រដ្ឋាភិបាលវានឹងប្រើប្រាស់រយៈពេលសរុបដល់ទៅ 15 ឆ្នាំគិតចាប់ពីដើមឆ្នាំ2021 នេះទៅដល់ឆ្នាំ2035។
គម្រោងអាកាសយានដ្ឋានថ្មីរបស់ខេត្តសៀមរាបដែលស្ថិតនៅចំងាយ 40 គីឡូម៉ែត្រនាភាគអាគ្នេយ៍ក៏នឹងត្រូវបញ្ចប់ទៅនៅក្នុងខែមីនា ឆ្នាំ2023 ស្ថិតនៅក្រោមការសាងសង់របស់ក្រុមហ៊ុនចិន Yunnan Investmeng ។
ដោយឡែកគម្រោងអភិវឌ្ឍដ៏ធំមួយទៀតដែលជាតំបន់កម្សាន្តចំរុះមានតម្លៃដល់ទៅប្រមាណ 350 លានដុល្លាររបស់ក្រុមហ៊ុន NagaCorp មានឈ្មោះថា Angkor Lake of Wonder ក៏នឹងលេចចេញជារូបរាងផងដែរ។ គម្រោងមួយនេះអាចនឹងមានទំហំស្មើទៅនឹង មណ្ឌលកម្សាន្ត Disneyland ដែលមានរួមបញ្ចូលទាំងសណ្ឋាគារកម្រិតផ្កាយប្រាំ កន្លែងសួនទឹក ទីក្រុងចិន ឬ chinatown ព្រមទាំងមណ្ឌលផ្តល់សេវាកម្មកម្សាន្តដ៏សម្បូរបែបផ្សេងទៀតដែលនឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ2025ខាងមុខនេះ៕