ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន (YAMATO GREEN) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ​ខ្សែច្រ​វាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះបាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ​ខ្សែច្រ​វាក់តម្លៃលើផលិត ផលកសិ-ពាណិជ្ជកម្ម ។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្តីការក្រសួង ក្រោមអធិបតីភាព  ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។

ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជាការធ្វើការរួមគ្នារវាងវិស័យសាធារណៈនិងឯកជន និងបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលើក​កម្ពស់​វិស័យកសិ-ពា​ណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការ​លើក​ស្ទួយវិស័យ​កសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម បានបន្តថា ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែល​មាន​សក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមទៀតថា អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ។ ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹងក្លាយជាដៃគូសមស្របមួយសម្រាប់អភិវឌ្ឍន៍ផលិត​កម្ម​ កសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បី​បង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទង​ទៅ​នឹង​ផលិតកម្មតាមគំរូអាជីវកម្មប្រកប​ដោយនិរន្តរភាពនៅក្នុងយុគសម័យឌីជីថល ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយ ដែលមានបច្ចេកវិទ្យាជឿនលឿន នឹងជំរុញផលិ​ត​កម្ម​ក្នុង​ស្រុក​នាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រុមហ៊ុន សហគ្រាសធុនតូចនិងមធ្យម និងក្រុម​កសិករផលិតនឹងមានលទ្ធភាពក្នុង​ការបង្កើតខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ ដែលប្រកបដោយបរិយាប័​ន្ន និងទទួលបានឧត្តមភាពប្រកួតប្រជែងសម្រាប់ជ្រៀតចូលទីផ្សារ និង​ធ្វើពិពិធកម្មទីផ្សារ ឱ្យមានវិសាលភាពទូលំទូលាយ។

ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តល់នូវអនុសាសន៍ដល់ភាគីទាំងពីរ គួរតែមានប្រព័ន្ធគ្រប់គ្រងព័ត៌មានមួយជាក់លាក់សម្រាប់ចែករំលែកភារកិច្ចទៅតាមមុខងារ និងផ្តល់ព័ត៌មានទៅវិញទៅមកឱ្យទាន់​ពេល ឱ្យជាប់លាប់ និងប្រតិបតិ្តការឱ្យពេញលេញ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តទៀតថា ក្រុមការងារគួររៀបចំប្រព័ន្ធសម្របសម្រួល និងយន្តការរយៈពេលមធ្យម និងវែងដើម្បីធានា​ថា​ជំនួយបច្ចេកទេស និងអត្ថប្រយោជន៍ផ្តល់ដល់ក្រុមហ៊ុន សហគ្រាសធុន​​តូច​​​​​​​​និង​មធ្យម និងក្រុមកសិករ​ផលិត​មិនជាន់គ្នា។ ក្រុមហ៊ុន Yamato Green គួរនាំផលិតផលកសិ-ពាណិជ្ជកម្ម​ពីក្រុមកសិករផលិតខ្នាតតូចទៅទីផ្សារធំៗ​ បង្កើន​ការវិនិយោគ និងផ្តល់បច្ចេកទេសអភិវឌ្ឍន៍គ្រប់ដំណាក់កាលនៃវដ្តផលិតកម្មកសិ-ពាណិជ្ជកម្ម ដែលគិតចាប់ពីការដាំដុះ ការកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយ។ លើសពីនេះ ក្រុមហ៊ុន  Yamato Green  គួរផ្តល់ជំនួយការលើបច្ចេកទេសក្នុងការពង្រឹងការអនុវត្តច្បាប់​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ដើរតួនាទីសម្របសម្រួល និងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ជាពិសេសជំរុញការផ្តល់សេវាពាណិជ្ជកម្មដល់សហគ្រាស និងស្ថាប័នពាណិជ្ជកម្ម សមាគមអាជីវកម្ម តាមរយៈការធ្វើពិពិធកម្មទីផ្សារ និងការស្វែងរកទីផ្សារថ្មីៗ​សម្រាប់​ផលិតផលខ្មែរ រួមមានផលិតផលកសិ-ពាណិជ្ជកម្ម ផលិត​ផលកសិ-ឧស្សាហកម្ម­­­។ល។ ព្រមទាំងការបន្តអនុវត្តគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឱ្យបានជោគជ័យសម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍវិស័យឯកជន និងបម្រើផលប្រយោជន៍ប្រជាជនកម្ពុជាទូទាំងប្រទេស។

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ​បាន​ចូល​រួមសម្របសម្រួលដែលសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាសម្រាប់អនុស្សរណៈយោគយល់គ្នានេះ។ AIMS ជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)។ គម្រោងAIMS​ដឹកនាំប្រតិបត្តិ​ដោយ​ក្រសួង​ពាណិជ្ជកម្មនិងមានគោលដៅលើកស្ទួយវិបុលភាព
កសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។ YAMATO GREEN ជាបុត្រសម្ព័ន្ធក្រុមហ៊ុនជំនួញជប៉ុនធំៗ រួមមានធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្សារទំនើប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុនជាដៃគូចំនួន ១៦ក្រុមហ៊ុន។ ក្រុមហ៊ុនបានរៀបចំបង្កើតជាគំរូខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីធានាឱ្យបានទាំងបរិមាណនិងគុណភាពផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញឱ្យមានចីរភាព តាមរយៈការធ្វើអាជីវកម្ម Franchise នៃគំរូផលិតដែលស្របតាមខ្នាត និងស្តង់ដារកំណត់តែមួយ។

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner