ថៃ៖ ស្ថានីយ៍ទូរទស្សន៍មួយបិទទ្វារអគាររបស់ខ្លួន ក្រោយមានបុគ្គលិកឆ្លងកូវីដ១៩
គណៈគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ TV Channel 3 បានបិទអគារ Maleenon 2របស់ខ្លួន នៅវិថី Rama IV កាលពីយប់មិញនេះ ក្រោយពេលមានបុគ្គលិកម្នាក់បានឆ្លងជំងឺកូវីដ១៩។
អ្នកនាង Pitchayatan Chanput អ្នកអានព័ត៌មានរបស់ទូរទស្សន៍ Channel 3 នាព្រឹកថ្ងៃសុក្រ ទី៨ មករា ២០២១នេះ បានប្រកាសពីការបិទអគារផ្សាយមួយនេះ ដោយនិយាយថា បុគ្គលិកផ្នែកក្រាហ្វិក ជាបុរសម្នាក់ដែលធ្វើការនៅជាន់ទី៥ និងទី៦នៃអគារមួយនេះ បានឆ្លងជំងឺកូវីដ១៩។
អគារទាំងមូលត្រូវបានបិទទ្វារ តាំងពីម៉ោង១០យប់ ថ្ងៃព្រហស្បតិ៍ ទី៧ មករា ២០២១ ហើយបុគ្គលិកនៅលើជាន់ទាំងពីរត្រូវបានគិតថា មានហានិភ័យឆ្លងដ៏ខ្ពស់ ប៉ុន្តែអ្នកគ្រប់គ្នាត្រូវធ្វើតេស្តកូវីដ១៩។
ព្រឹកមិញនេះ ថៃប្រកាសពីការរកឃើញវិជ្ជមានកូវីដ១៩ ចំនួន២០៥នាក់ទៀត ភាគច្រើន ជាការឆ្លងក្នុងសហគមន៍ ផ្តើមចេញពីករណីផ្សារលក់អាហារសមុទ្រក្នុងខេត្តសាមុត សាខន ធ្វើឲ្យថៃ មានកូវីដ១៩កើនដល់ ៩៨៤១នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី៨ មករានេះ៕ ប្រភពពីបាងកកប៉ុស្តិ៍
![](https://asset.ams.com.kh/central/media/2021/01/c1_2047739-1024x683.jpg)