ធុងសំរាម SmartBin នឹងបង្រៀនប្រជាពលរដ្ឋកម្ពុជាឱ្យចេះបែងចែកសំរាម

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ គំនិតច្នៃប្រឌិតកើតចេញពីការសិក្សា និងរិះរកមធ្យោបាយដោះស្រាយបញ្ហាសំរាមនៅក្នុង
សង្គម បានជំរុញទឹកចិត្តយុវជនមួយក្រុមរួមគំនិតគ្នាបង្កើតធុងសំរាមឆ្លាតវៃ ឬហៅថា SmartBin ដោយប្រើប្រាស់បច្ចេកវិទ្យាបែងចែកសំរាមដំបូងគេនៅកម្ពុជា​។ ពួកគេយល់ថា តាមរយៈស្នាដៃថ្មី
នេះនឹងជួយកែប្រែផ្នត់គំនិតប្រជាជនខ្មែរ ឱ្យចេះទុកដាក់និងបែងចែកសំរាមបានត្រឹមត្រូវ ព្រមទាំង
កែច្នៃសំរាមប្រើប្រាស់ឡើងវិញ។

កញ្ញា គឹម ច័ន្ទអម្រឹតវត្តី ជាសហស្ថាបនិក SmartBin Cambodia បាននិយាយថា ធុងសំរាមឆ្លាត
វៃ គឺជាគម្រោងមួយមានបំណងដោះស្រាយបញ្ហាគ្រប់គ្រងសំរាមនៅកម្ពុជា លើកទឹកចិត្តឱ្យ
ប្រជាជនកែច្នៃសំរាម។ លើសពីនេះ ធុងសំរាមឆ្លាតវៃបង្កើតឡើង ដើម្បីឆ្លើយតបនឹងសោភ័ណភាព
នៃទីក្រុងស្អាត និងទីក្រុងឆ្លាតវៃខណៈរបត់បច្ចេកវិទ្យានឹងរីកចម្រើនខ្លាំងនាពេលខាងមុខ។

គឹម ច័ន្ទអម្រឹតវត្តី “ពួកខ្ញុំយល់ថា ចំណេះដឹងផ្នែកបរិស្ថានរបស់ប្រជាជនយើងមួយចំនួននៅមាន
កម្រិតនៅឡើយ ជាពិសេសចង់បង្ហាញដល់យុវជនជំនាន់ក្រោយឱ្យយល់ដឹងពីរបៀបគ្រប់គ្រង
សំរាម និងប្រើប្រាស់សំរាមជាមួយនឹង SmartBin នេះ”។

សហស្ថាបនិករូបនេះ បានបញ្ជាក់ថា លក្ខណៈពិសេសរបស់ SmartBin គ្រាន់បោះសំរាមចូលក្នុង
ធុងឱ្យបានត្រឹមត្រូវ នោះអ្នកប្រើប្រាស់នឹងទទួលបានពិន្ទុដើម្បីប្តូរយករង្វាន់លើកទឹកចិត្តផ្សេងៗ។ ពិន្ទុទទួលបានពីធុងសំរាមតាមរយៈស្កេន QR Code នៅលើធុងសំរាមដោយប្រើទូរស័ព្ទស្មាត
ហ្វូន។

ធុងសំរាម SmartBin អាចដាក់ប្រើប្រាស់បាននៅតាមអគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន និងទីសាធារណៈជាដើម។ ធុងសំរាមបំពាក់ដោយបច្ចេកវិទ្យានេះ ចែកចេញជាបីផ្នែកដាច់ដោយ
ឡែកពីគ្នាក្នុងធុងតែមួយ រួមមានធុងដាក់សំរាមទូទៅ ធុងដាក់លោហៈ និងធុងដាក់ប្លាស្ទិក ឬកែវ។ នៅពេលអ្នកប្រើប្រាស់ដាក់សំរាមបានត្រឹមត្រូវក្នុងផ្នែកនីមួយ ធុងសំរាមនឹងបន្លឺសំឡេងថា “អរគុណ”។ សហស្ថាបនិកខាងលើបានបញ្ជាក់បន្ថែមថា ធុងសំរាមឆ្លាតវៃ មិនទាន់ដាក់ឱ្យដំណើរ
ការប្រើប្រាស់ជាផ្លូវការឡើយ។

កន្លងទៅ SmartBin បានទទួលបានជ័យលាភីលេខ1 នៃកម្មវិធី French Cambodia Research Day Cambodia and Youth Eco Lab ហើយទទួលជ័យលាភីលេខ2 នៃកម្មវិធី Techno Innovation Challenge និងជ័យលាភីក្នុងកម្មវិធី Toyota Impact Challeng ។ បច្ចុប្បន្ន SmartBin បានផលិតចេញជារូបរាងហើយ និងបានដាក់ឱ្យសាកល្បងប្រើប្រាស់ក្នុងកម្មវិធីមួយ
ចំនួន។

គួរបញ្ជាក់ថា ទន្ទឹមនឹងជោគជ័យខាងលើនេះ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងគណៈកម្មា
ការជាតិវាយតម្លៃទីក្រុងស្អាត បានគាំទ្រសកម្មភាពផលិតធុងសំរាមឆ្លាតវៃរបស់យុវជន SmartBin ។ គម្រោងផលិតធុងសំរាមនេះ នឹងប្រែក្លាយខ្លួនជាអាជីវកម្មឆ្លាតវៃមួយនៅថ្ងៃអនាគត ដែលក្រុម
យុវជន SmartBin Cambodia កំពុងរៀបចំ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner