អាជ្ញាធរស្រុកគាស់ក្រឡ និង ក្រុមការងារចុះជួយ ឃុំព្រះផុស ជម្រុញឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លង និងការចម្លង ពីជំងឺកូវីដ-19
ដើម្បីអនុវត្តនូវវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ពីការរាតត្បាតជាសកលពីការឆ្លងនិងចម្លងពីមេរោគកូវីដ-19អាជ្ញាធរនៃរដ្ឋបាលស្រុកគាស់ក្រឡ និងក្រុមការងារចុះជួយមូលដ្ឋានឃុំព្រះផុសបានចុះធ្វើការផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមខ្នងផ្ទះប្រជាពលរដ្ឋទាំង៩ភូមិ ក្នុងឃុំព្រះផុស និងនៅតាមតំបន់ដាច់ស្រយាល ព្រមទាំងនាំយកនូវ គ្រឿងបរិក្ខាសម្អាតអនាម័យ និង ស្បៀងមួយចំនួន ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលធ្លាប់ទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង កន្លងមក ។
ក្នុងឱកាសចុះផ្សព្វផ្សាយ និងចែកសម្ភារបរិក្ខាអនាម័យ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងភូមិព្រៃផ្តៅ ឃុំព្រះផុស នៅរសៀលថ្ងៃទី១០ខែមករាថ្មីៗនេះ លោកជំទាវ សុត សុវណ្ណដា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ និង ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារនៃគណពង្រឹងមូលដ្ឋានឃុំព្រះផុស បាននាំយកនូវអំណោយដែលឧបត្ថម្ភដោយ ក្រុមហ៊ុនវេទមន្តកំពូលសម្រស់និងមីមួយចំនួន យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះទូទាំងឃុំ ចំនួន១.០៥២គ្រួសារ ដែលឧបត្ថម្ភដោយក្រុមហ៊ុនវេទមន្តកំពូលសម្រស់ ។
លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានថ្លែងថា៖ ក្នុងស្រុករបស់ខ្លួន មានពលករទើបតែមកពីថៃ មានចំនួន៩នាក់ ហើយពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងវិទ្យាល័យថ្មគោល ស្ថិតក្នុងស្រុកថ្មគោល ហើយបងប្អូនទាំងនោះ ពុំមានរកឃើញសញ្ញាវិជ្ជមានពីជំងឺកូវីដ-19នោះទេ ។ លោកអភិបាលស្រុករូបនេះ បានបន្តឲ្យដឹងទៀតថា៖ សម្រាប់ការងារអប់រំដល់ប្រជាពលរដ្ឋពីការឆ្លងនិងចម្លងបញ្ហាជំងឺកូវីដនេះ ត្រូវបានធ្វើជាប់ជាប្រចាំ ដោយគិតចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺនេះ ហើយពលរដ្ឋក្នុងស្រុកមួយចំនួន ពួកគាត់ក៌មានការយល់ដឹងបានច្រើន រួមទាំងការចូលរួមទប់ស្កាត់ និងអនុវត្តនូវវិធានការ ពីការឆ្លង និងចម្លងពីកូវីដ-19 និងតាមការអំពាវនាវរបស់ប្រមុខ នៃរាជរដ្ឋាភិបាលនិងពីការណែនាំនូវវិធានការ ការការពារនិងការលាងសម្អាតដៃនិងការរក្សាគម្លាតសង្គមឲ្យបានម៉ឺងម៉ាត់របស់ក្រសួងសុខាភិបាលដែលបានកំណត់កន្លងមក ។
ក្នុងឱកាសនោះដែរឯកឧត្តម ស្រេង វង្សហៀងក៏បានពាំនាំ និង ធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមប្រធានក្រុមការងារ ចុះជួយស្រុកគាស់ក្រឡ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យខិតខំបន្តអនុវត្តនូវវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ-19 តាមការអំពាវនាវ របស់រាជរដ្ឋាភិបាល និងវិធានណែនាំក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ តាមរយៈនៃការលាងដៃនឹងសាប៊ូ បាញ់អាល់កុល ឬសម្អាតដៃជាមួយជែល ជាដើម.. ។នៅពេលដែលចេញក្រៅទៅតាមទីសាធារណៈ ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជាប្រចាំ រួមទាំងប្រុងប្រយ័ត្នក្នុងការរក្សានូវគម្លាតសង្គមនិងចៀសវាងទីកន្លែងជួបជុំគ្នាច្រើន ជាដើម។ល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )