ប្រធានក្រុមការងារ នៃ គណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ជម្រុញឲ្យគណបក្សមូលដ្ឋានក្រុង និងបក្សសង្កាត់ទាំង១០ ត្រូវបង្កើនការកសាងកម្លាំងបក្សថ្មីបន្ថែមទៀត
ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានថ្លែងជម្រុញឲ្យថ្នាក់ដឹកនាំគណបក្សក្រុងបាត់ដំបង និងគណបក្សមូលដ្ឋានសង្កាត់ទាំង១០ក្នុងក្រុងត្រូវតែបង្កើនការខិតខំនិងយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីកៀគររកកម្លាំងថ្មីរបស់បក្ស ឲ្យកាន់តែកើនឡើងថែមទៀត ទាំងកូនចៅសមាជិកគណបក្សប្រជាជនកម្ពុជា និកម្លាំងបក្សដទៃទៀតដែលគេមានជំនឿជាក់លើគោលនយោបាយនិងការដឹកនាំដ៏ត្រឹមត្រូវ របស់ គណបក្សប្រជាជនកម្ពុជាកន្កងមក ។
ការថ្លែងលើកឡើងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីនៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជា ក្រុងបាត់ដំបង ប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត របស់ គណបក្ស កាលពីចុងសប្តាហ៍នេះ សន្និបាតក៏មានវត្តមានជាអធិបតីពី ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តបាត់ដំបងនិងវត្តមានជាកិត្តិយសពីឯកឧត្តមលោកជាំទាវ ជាអនុប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបងប្រធាន-អនុប្រធានក្រុមការងារចុះពង្រឹងសង្កាត់ទាំង១០និងក្រុមការងារយុវជន ជនសកម្ម និងបក្សមូលដ្ឋានគ្រប់ថ្នាក់ក្នុងក្រុងបាត់ដំបង។
តាមការគូសបញ្ជាក់ពី លោក ផេង សិទ្ធី ប្រធានគណបក្សក្រុងបាត់ដំបង បានរំលេចឲ្យដឹងពីចំនួនគ្រួសារបក្សនិងសមាជិកបក្សទូទាំងក្រុងបាត់ដំបងនៅក្នុងឆ្នាំ២០២០នេះ ក្នុងនោះចំនួនក្រុមបក្សមានចំនួន ៦.៧២៧ក្រុម គ្រួសារបក្ស ១៨.៥៦៨គ្រួសារ,ចំនួនខ្នងផ្ទះ១៦.៩៧៩ផ្ទះ និង សមាជិកបក្ស ៥៣.៥៨៨នាក់ (ស្ត្រី ២៩.៤៥២នាក់)។
អង្គសន្និបាតក៏បានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ ដែលរំលេចពីសមិទ្ធផលនៃថ្ងៃជ័យជំនះ៧មករានិងជាខួបលើកទី៤២ ថ្ងៃប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជា បានរួចចាកផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម។ជាមួយសុខសន្តិភាពដែលមិនអាចកាត់ថ្លៃបាន សន្តិភាពនិងស្ថិរភាពនយោបាយគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ ឈរលើមូលដ្ឋានសន្តិភាពនេះហើយ និងបើទោះបីមានការគំរាមកំហែងយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ពីវិបត្តិជាសកលពីជំងឺកូវីដ-19 ក៏រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការរក្សាភាពជាម្ចាស់ក្នុងការរក្សាសន្តិភាពស្ថេរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និង ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានល្អប្រសើរ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីសន្តិភាព សុវត្ថិភាព សុខុមាលភាពប្រជាជន និងការអភិវឌ្ឍ។
តាមរយៈសន្និបាតបូកសរុបលទ្ធផលការងាប្រចាំឆ្នាំរបស់ខ្លួន ឯកឧត្តម ងិន ឃន បានចាត់ទុក
សមិទ្ធផលរបស់គណបក្សក្រុងក្នុងរយៈពេល១ឆ្នាំកន្លងមកនេះគឺ៖ជាសមិទ្ធផលដែលយើងទាំងអស់គ្នាសម្រេចបានដោយការខិតខំយ៉ាងប្តូរផ្តាច់ដោយភាពស្មោះត្រង់ និងម្ចាស់ការដោយការទទួលខុសត្រូវ។ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រុមការងារនិងថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់ថ្នាក់ឲ្យបន្តការខិតខំបន្តនូវសកម្មភាពការងារ និងគោលការណែនាំរបស់គណបក្សដើម្បីដណ្តើមនូវប្រៀបឈ្នះក្នុងការបោះឆ្នោតឆ្នាំ២០២២និង២០២៣ ខាងមុខ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គសន្និបាតបូកសរុបការងាររបស់គណបក្សក្រុងបាត់ដំបង និងការប្រកាសនូវសមាសភាពបំពេញបន្ថែមសមាសភាពក្រុមការងារចុះពង្រឹងក្រុងបាត់ដំបង។ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងបានធ្វើការវាយតម្លៃនិងបានឯកភាពពីសមិទ្ធផលនិងពីវឌ្ឍនភាពរីកចម្រើនរបស់គណបក្សតាមរយៈការឆ្លុះបញ្ចាំងក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២០និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២១របស់ខ្លួន។
ឯកឧត្តមប្រធានគណបក្សខេត្តបាត់ដំបង ក៏បានផ្តល់នូវអនុសាសន៍ពីគន្លឹះនយោបាយនិងគោលការណ៍សំខាន់ៗរបស់ថ្នាក់លើដែលបានកំណត់នូវយុទ្ធសាស្ត្រគន្លឹះក្នុងការដណ្តើមប្រៀបឈ្នះក្នុងការបោះឆ្នោតនៅពេលខាងមុខ។ដែលតម្រូវឲ្យគ្រប់សមាសភាពថ្នាក់ដឹកនាំនិងក្រុមការងារទាំងអស់ជាពិសេសបក្សមូលដ្ឋានគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចលនាកសាងកម្លាំងបក្សឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត នូវសមាជិកបក្សដែលយ៉ាងហោចណាស់ឲ្យមានអ្នកគាំទ្រគណបក្សប្រជាជនយ៉ាងតិច៧០% នៃចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតនៅពេលខាងមុខ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )