ថៃរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២៤៥ករណីទៀតនៅថ្ងៃអាទិត្យម្សិលមិញ ក្នុងនោះ២២៤នាក់ជាករណីឆ្លងក្នុងសហគមន៍
ថៃ៖ នៅថ្ងៃអាទិត្យម្សិលមិញ ប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន២៤៥ករណីថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងសហគម៍ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រប់ស្ថានការណ៍ COVID-19 របស់ថៃ លោកវេជ្ជបណ្ឌិត ថាវីស៊ីន វីសានុយ៉ូធីន បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មានរហូតដល់២២៤ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់តែម្តង ខណៈដែល ២១ករណីទៀត គឺជាអ្នកដែលទើបធ្វើដំណើរត្រឡប់មកពីក្រៅប្រទេស ។
សូមជម្រាបថា មកទល់ពេលនេះ ប្រទេសថៃបានរកឃើញករណីឆ្លងសរុប ១ម៉ឺន២៩៨ករណី ដោយក្នុងនោះមាន៨ពាន់១៥៧ករណីជាករណីឆ្លងក្នុងសហគមន៍ និង២ពាន់១៤១នាក់ជាករណីនាំចូល ។ ហើយក្នុងចំណោមករណីឆ្លងសរុបទាំងអស់លើនោះទៀតសោត មាន៦៧នាក់ស្លាប់ និង ៦ពាន់៤២៨នាកបានជាសះស្បើយឡើងវិញ ៕