អាជ្ញាធរខេត្តបាត់ដំបង និង មន្ទីរជំនាញចុះពិនិត្យមើលទីតាំងចិញ្ចឹមមាន់-ទា ដែលផ្ទុះជម្ងឺផ្តាសាយបក្សីA/H5N1ក្នុងភូមិព្រែកតាច្រែង

  អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោក ប៉ង់ យុទ្ធារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងនិងវត្តមាន លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត បានដឹកនាំមន្ត្រីជំនាញក្រុមការងារការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុកឯកភ្នំ និងមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានភូមិ-ឃុំផ្ទាល់ ដើម្បីចុះធ្វើការត្រួតពិនិត្យ និង មានវិធានការក្នុងការទប់ស្កាត់ ពីការឆ្លងរាលដាលជំងឺផ្តាសាយបក្សីដែលបានកើតឡើងនៅកន្លែងចិញ្ចឹមមាន់-ទាមួយកន្លែង ដែលមានទីតាំងនៅ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ។

         ការចុះទៅពិនិត្យទីតាំងកន្លែងផ្ទុះជំងឺផ្តាសាយខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដែលបានធ្វើវិភាគរកវីរុសផ្តាសាយបក្សី លើសំណាកសត្វមានចំនួន៣ក្បាលនិងទា១ក្បាលចេញពីទីកន្លែងចិញ្ចឹមមាន់-ទា មួយកន្លែង ស្ថិតក្នុងភូមិព្រេកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២១ត្រូវបានរកឃើញវត្តមានវីរុសជំងឺផ្តាសាយបក្សី ដែលបង្កដោយវីរុសក្នុងអនុក្រុមA/H5Nនិងយោងលិខិតលេខ២៦៨កសក. របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់។និងនេសាទ នៅថ្ងៃទី១២ ខែមករា ចុះហត្ថលេខា ដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទជូនមកឯកឧត្តមប្រធានគណៈកម្មការចម្រុះ ខេត្តបាត់ដំបង ដើម្បីមានវិធានការទប់ស្កាត់នូវការឆ្លងរាលដាលជំងឺផ្តាសាយបក្សីនិងសំណើចាត់វិធានការទប់ស្កាត់ចលនាបក្សីនិងផលិតផល មានដើមកំណើតបក្សី ចេញពីភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាបណ្តោះអាសន្ន។

      ក្នុងការចុះទៅពិនិត្យមើលនូវទីតាំងខាងលើនិងចុះប្រកាសកំណត់នូវតំបន់ជំងឺផ្តាសាយបក្សីដើម្បីចាត់វិធានការទប់ស្តាត់ចលនាបក្សីផលិតផលមានដើមកំណើតពីបក្សីនិងអនុវត្តវិធានជីវសុវត្ថិភាព នៅទីតាំងចិញ្ចឹមមាន់ លោក ហូ ណាម  ក្នុងភូមិសាស្ត្រខាងលើ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានធ្វើការអំពាវនាវដល់អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងតំបន់ផ្ទុះកើតឡើងនូវជម្ងឺផ្តាសាយបក្សី ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ការធ្វើចរាចរនិងចលនាបក្សីផលិតកម្ម ដែលមានដើមកំណើតបក្សី ចេញពីតំបន់ពាក់ព័ន្ធទាំងនេះទៅកាន់កន្លែងផ្សេងដែលស្ថិតក្នុងរង្វង់ផ្ចិត៣គម.បានឡើយ។

     លោកប្រធានមន្ទីរក៏បានអំពាវនាវដល់គ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការនិងយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺផ្តា

សាយបក្សី និងអនុវត្តនូវវិធានណែនាំខាងលើ ឲ្យបាន និងចៀសវាងការធ្វើចរាចរសត្វបក្សីដែលនាំឲ្យមានការចម្លងទៅទីកន្លែងផ្សេងៗដទៃទៀត។ក្នុងនោះដែរចំពោះបងប្អូនដែលចិញ្ចឹមមាន់ ទា ក្នុងករណីសង្ស័យពីសត្វរបស់ខ្លួនមានជម្ងឺក៏ត្រូវរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋានខ្លូន ឬ ទាក់ទងទៅមន្ទីរកសិកម្មខេត្តផ្ទាល់ ដើម្បីចាត់ឲ្យជំនាញចុះមកពិនិត្យមើលសុខភាពសត្វទាំងនោះ ចៀសវាងបង្ក នូវការឆ្លងជម្ងឺផ្សេងៗ ក្នុងខណៈដែលប៉ុន្មានថ្ងៃនេះអាកាសធាតុអាចចុះត្រជាក់ខ្លាំង វាអាចងាយបង្ក នូវហានិភ័យដល់សត្វដែលខ្លួនចិញ្ចឹម ឲ្យបានទាន់ពេលវេលា។

       ការចុះត្រួតពិនិត្យ និងចាត់វិធានការទប់ស្តាត់ចលនាបក្សី ផលិតផលដែលមានដើមកំណើតពីបក្សីនិងអនុវត្តវិធានជីវសុវត្ថិភាព នៅទីតាំងចិញ្ចឹមមាន់ របស់ លោក ហូ ណាម នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នេះគឺធ្វើឡើងបន្ទាប់ពីមានការងាប់សត្វមាន់ទានៅទីនោះជាបន្តបន្ទាប់កាលពីប៉ុន្មានថ្ងៃមុននេះប្រមាណជាង១.៣០០ក្បាល។ហើយត្រូវបានមន្ត្រីជំនាញចុះពិនិត្យនិងបានធ្វើការវិភាគទៅលើមាន់-ទា ដើម្បីពិនិត្យរកវីរុសដែលបង្កឲ្យបក្សីមាន់ទានៅទីនេះងាប់ជាបន្តបន្ទាប់។ ហើយក្នុងការចុះប្រតិបត្តិការនិងអនុវត្តវិធានជីវសុវត្ថិភាពនៅទីតាំងខាងលើនេះ ក្នុងក្រុមការងារបាន កម្ទេចទា ចោលសរុប១៥៣ក្បាល និងកម្ទេចក្ងានចំនួន ១២ក្បាលព្រមទាំងបានបាញ់ថ្នាំសម្លាប់នូវមេរោគនៅទីកន្លែងបរិវេណចិញ្ចឹមទៀតផង៕  ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner