លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាទូទាំង ខេត្តប៉ៃលិន
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រធានក្រុមប្រឹក្សាក្រុង~ស្រុក អភិបាលក្រុង~ស្រុក ក្រុមប្រឹក្សាឃុំ~សង្កាត់ មេឃុំ~ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ~សង្កាត់ និងមេភូមិ អនុភូមិ ទាំង៨ឃុំ~សង្កាត់ក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបាន ស្រីមុំ បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនសមាជិក សមាជិកាក្នុងអង្គពិធីដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខពូមីង តាមរយៈការលើកទឹកចិត្ត ការបង្កើនប្រាក់ខែ ផ្តល់ជាស្បៀង និងសម្លៀកបំពាក់ តាមរយៈលោកជំទាវអភិបាលខេត្តជារឿយៗ ។
លោកជំទាវអភិបាលខេត្ត បានស្នើអោយអាជ្ញាធរចាប់ពីក្រុង-ស្រុក ភូមិ-ឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលដ្ឋអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព កុំប្រកាន់បក្សពួក សាច់ញាតិបងប្អូន ព្រមទាំងត្រូវចូលរួមសម្អាតបរិស្ថាន អនាម័យភូមិឃុំ អោយស្រស់ស្អាត គ្មានសម្រាម និងចូលរួមផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ហើយត្រូវរាយការណ៍ជាបន្ទាន់ បើមានពលករចំណាកស្រុកមកពីប្រទេសថៃ ចូលមកក្នុងភូមិ ហើយ នឹងចុះធ្វើបច្ចុប្បន្នភាព ព្រមទាំងតាមដានជីវភាពប្រជាពលរដ្ឋដែលខ្វះខាតដោយមិនទុកឱ្យនរណាម្នាក់ដាច់ពោះស្លាប់ដោយលោកមិនបានដឹងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាហើយរាយការណ៌ជូនលោកជំទាវ
ភ្លាម ។
បន្ថែមពីលើនេះលោកជំទាវ បានប្រកាសផ្តល់រង្វាន់ដល់ក្រុង-ស្រុក ភូមិ-ឃុំណា
ដែលមានស្នាដៃល្អក្នុងការរៀបចំសោភ័ណភាពស្រស់បំព្រង ធ្វើឱ្យមហាជនមានការគាំទ្រច្រើន .
ចុងបញ្ចប់នៃពិធីសំណេះសំណាល ដើម្បីជាការលើកទឹកចិត្ត លោកជំទាវ បានផ្តល់
ជាថវិកា និងអាវរងាម្នាក់មួយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុម
ការងារចុះជួយ មូលដ្ឋានខេត្តប៉ៃលិនផងដែរ ៕ ដោយ /គ្រី សម្បត្តិ