បុរសដែលអួតអាងថា ជាកងរាជអាវុធហត្ថ បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍រួចគំរាមបាញ់ជនរងគ្រោះកាលពីថ្ងៃមុន ត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួនបានហេីយ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ បុរសម្នាក់ដែលអួតអាង ថា ជាសមត្ថកិច្ចកងរាជអាវុធហត្ថ និង ជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តែតាមពិតជាបុគ្គលិករោងចក្រកាត់ដេរ សោះ នោះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ ថ្លែងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះថា «បុគ្គលដែលបង្កហេតុដកកាំភ្លើង និង បានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ» ។ គួររំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចឈានដល់ការបើកឡានកៀរម៉ូតូ នេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទី ទៀបភ្លឺ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចម្តុំផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

បេីតាមបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅកន្លែងកើតហេតុ ថា មុនដំបូងគាត់ឃើញរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ 2AC-9367 បើកបរដោយបុរសម្នាក់ដែលមានកាំភ្លើង បានបើកឡានស្របគ្នាតាមបណ្តោយផ្លូវលេខ៧៣កៀនផ្សារធំថ្មី ហើយឃើញរថយន្តនេះ បើកកៀរម៉ូតូបណ្តាលឲ្យដួល រួចបានដកកាំភ្លើងពីចង្កេះ ថែមទាំងស្រែកគំរាម ថា «ហែងចង់យ៉ាងម៉េច» ។ អ្នកឃើញហេតុការណ៍ ដដែលបន្តថា ភ្លាមៗនោះជនរងគ្រោះបានលើកដៃសុំកុំបាញ់គាត់អី ។

លនោះ ប្រជាពលរដ្ឋបានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូ ដោយបានបាក់ដងកាំបិតនិងត្រូវត្រង់ប្រអប់ជើង បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ បន្ទាប់មក ជនបង្ក នៅតែបន្តសំញែងកាំភ្លើងនៅមុខសមត្ថកិច្ចដដែលៗ ទើបសមត្ថកិច្ចសុំដកទុកសិន ហើយជនបង្កបានប្រគល់អោយតែសំបកកាំភ្លើង ទេ ដោយមិនប្រគល់គ្រាប់អោយនោះទេ រួចបានស្រែកគំហកដាក់សមត្ថកិច្ច ថែមទៀតផង ។

ក្នុងអំឡុងនោះ ជនបង្កបានស្រែកប្រកាសខ្លួនថា «ខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ» ហើយខ្លួនបានចេញពីផឹកស៊ីមួយកន្លែង មានបំណងបើករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកើតហេតុ ។ ជាចុងក្រោយ គឺ ជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយ ទេ ហើយក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ដែរ ដោយសុំត្រឹមតែឲ្យជនបង្ក សងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែ ប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង ។ ប៉ុន្តែ ឥឡូវនេះ ដឹងការពិតហើយ គឺ ជនបង្កមានមុខរបរត្រឹមជាបុគ្គលរោងចក្រកាត់ដេរ ប៉ុណ្ណោះ ៕ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner