ឯកឧត្តម ខៀវ កាញារីទ្ឋ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅ ស្តីពីជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សៀវភៅស្តីពីជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាភាសាអង់គ្លេសដែលមានចំណងជើងថា “Hun Sen – War & Peace in Cambodia and Southeast Asia” ដែលមានន័យជាភាសាខ្មែរថា “ហ៊ុន សែន – សង្គ្រាមនិង សន្តិភាព នៅកម្ពុជា និងអាស៊ីអាគ្នេយ៍” ជាស្នាដៃនិពន្ធដោយ ឯកឧត្តម ឆាយ សុផល ត្រូវបានធ្វើពិធីប្រគល់ និងទទួល នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ក្រោមអធិបតី ភាព ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។

តាមការបញ្ជាក់របស់ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជា សាស្ត្រាចារ្យ ផ្នែកសារព័ត៌មាន បានរៀបរាប់ថា សៀវភៅនេះបានបង្ហាញពីព្រឹត្តិការណ៍ នៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧០ មកឆ្នាំ២០២០ ដែលប្រទេសកម្ពុជា ឆ្លងកាត់គ្រប់រសជាតិ ពិសេស ខណៈពេល ដែលមហាអំណាច បស្ចិមប្រទេស និងអាស៊ី កំពុងប្រកួតប្រជែងគ្នា ទាំង សព្វាវុធ បច្ចេក វិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម មនោគមន៍វិទ្យា និងភូមិសាស្ត្រនយោបាយ។ “ជាការពិតប្រជាជនកម្ពុជា រួមទាំងបរទេសផងបានស្គាល់ សម្តេចតេជោ ហ៊ុន សែន ជានរណា ប៉ុន្តែពួកគាត់ទំនងជាមិនបានដឹងពីបញ្ហាប្រទាក់ក្រឡាគ្នា ជាច្រើនដែលប្រទេសកម្ពុជាបាន ឆ្លងកាត់ កលិយុគ បង្ហូរឈាមកាប់សម្លាប់គ្នាក្នុង ភ្លើងសង្គ្រាម រួមទាំងប្រល័យពូជសាសន៍ឯង រហូតដល់ប្រទេសមានសន្តិភាពមកដល់ពេលនេះ។
ឯកឧត្តម បានបន្តថា បើទោះជាសៀវភៅនេះបានលើកយកសម្តេចតេជោ ហ៊ុន សែន ជាតួអង្គ ក៏ សៀវភៅបានរៀបរាប់ពីព្រឹត្តិការណ៍នយោបាយយោធា និងសង្គមផ្ទៃក្នុងប្រទេស កម្ពុជា រួមនិងកិច្ចការ បរទេសដែលពាក់ព័ន្ធនឹងកម្ពុជាផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានចាត់ទុកការដែល ឯកឧត្តម ឆាយ សុផល សរសេរ ចងក្រង ឯកសារជាសៀវភៅនេះឡើង គឺជាផ្នែកមួយធំល្អប្រសើរ ហើយជាស្នាដៃ និពន្ធរបស់ខ្មែរ បានសរសេរពីប្រវត្តិសាស្រ្តរបស់ខ្មែរ និងប្រវត្តិរបស់ សម្តេចតេជោ ហ៊ុន សែន ហើយជាមួយនេះ ក៏មានបរទេសសរសេរ បានសរសេរខ្លះៗ ដែរ តែមិនទាន់ចេញនៅឡើយ ។ ដូច្នេះពិតជាមានសារះសំខាន់ដែលមានខ្មែរ សរសេរ មិនមែនបរទេស ហើយថ្ងៃក្រោយ បរទេសចង់សរសេរពីខ្មែរ គេនឹងយកឯកសារពី ខ្មែរ មិនមែនគេសរសេរប្រវត្តិសាស្រ្តរបស់ខ្មែរ ទៅសួរបរទេសនោះទេ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានលើកពីប្រវត្តិតស៊ូ ប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដឹកនាំប្រទេស តាំងពីនៅគ្រាលំបាក ខ្វះខាតគ្រប់ បែបយ៉ាង និងប្រទេសជាតិកំពុងស្ថិតក្នុងសង្គ្រាម ខ្មែរ និង ខ្មែរ គ្នាឯង ហើយក្នុងកាលះទេសះ នោះ សម្តេច បានធ្វើការពិចារណា គ្រប់បែបយ៉ាង ដោយមិនចង់បញ្ចប់ សង្គ្រាម ដោយ សង្រ្គាម នោះទេ ដោយបានដាក់ចេញនូវផែនការចរចារជាមួយ ពួកខ្មែរក្រហម ទោះបី មាន ការជំទាស់ ពីក្នុងជួរ រដ្ឋាភិបាលខ្លះៗក្តី ប៉ុន្តែសម្តេច បានដាក់ជានយោបាយ ឈ្នះ ឈ្នះ ដើម្បី បញ្ចប់សង្រ្គាមនៅកម្ពុជា រហូតទទួលបានជោគជ័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងនូវមត្តិមួយចំនួន ដែលថា សម្តេច ហ៊ុន សែន មិនបានរៀនសូត្រ ជ្រៅជ្រះ រហូតដល់មហាវិទ្យាល័យអ្វីនោះទេ ប៉ុន្តែនេះ ជាការគិតខុស ទាំង ស្រុង អ្វីដែល សំខាន់ សម្តេច មានបទពិសោធន៏ និងការគិតពិចារណា បានល្អ វែងឆ្ងាយ ទៅ មុខ ហើយ ទទួលលទ្ធផលជោគជ័យ ។ ដូច្នេះប្រទេសកម្ពុជាពិតជាមានសំណាង ដែលមាន សម្តេច ហ៊ុន សែន បើសិនជាគ្មានមនុស្សម្នាក់នេះទេ មិនដឹងប្រទេសកម្ពុជា រហូតមកដល់ ពេលនេះ ទៅជា យ៉ាងណានោះទេ។

សៀវភៅ “Hun Sen – War & Peace in Cambodia and Southeast Asia* បោះពុម្ព ចំនួន មួយ ម៉ឺន ច្បាប់អស់តម្លៃជាង៧ ម៉ឺនដុល្លា មានដាក់លក់នៅ តាមបណ្ណាគារ ធំៗក្នុង រាជធានី ភ្នំពេញ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិ និងចែកជូនមន្ត្រី ការទូត ខ្មែរ និង បរទេសផងដែរ ។ សម្រាប់ឱកាសនេះ ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ចំនួន ១០០ ច្បាប់ ដោយក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់ទៅ គ្រប់អគ្គនាយកដ្ឋានទាំង ៥ ក្នុង ១ អគ្គនាយកដ្ឋាន ៣ ច្បាប់ ជូនដល់បណ្តាមន្ទីរព័ត៌មាន ២៥ ខេត្ត ក្រុង ក្នុង ១ ខេត្ត ២ ច្បាប់ និង នៅសល់ដាក់ក្នុងបណ្ណាល័យ ក្រសួងព័ត៌មាន ។ ឯកឧត្តម ឆាយ សុផល ដែលជាអ្នកសារព័ត៌មានជើងចាស់បានសរសេរ សៀវភៅជាង ១០ច្បាប់ហើយ ដោយមានទាំង ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner