ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និង អង្គការ UNDP បានប្រកាសសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមី

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ នៅព្រឹកថ្ងៃ១៤មករាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ គោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ ដោយមានការអញ្ញើញចូលរួម ពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ លោក Nick Beresford តំណាងUNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា ដំឡូងមី ផ្ដល់ឱកាសល្អជាច្រើនសម្រាប់កម្ពុជា ជាពិសេសប្រសិនបើកម្ពុជាអាចឈានជើងចូលទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈការនាំចេញនូវផលិតផលកែច្នៃ ដូចជាម្សៅដំឡូងមី វាតម្រូវឲ្យមានការធ្វើកសិកម្មតាមកិច្ចសន្យារវាងរោងចក្រកែច្នៃ និងកសិករដាំដុះដំឡូងមី ដើម្បីបង្កើតឲ្យបាននូវការផ្គត់ផ្គង់ដែលប្រកបដោយគុណភាព និងស្ថេរភាព។

ថ្លែងក្នុងពិធីសម្ពោធនោះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា គោលនយោបាយជាតិស្តីពីដំឡូងមីពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ ត្រូវបានណែនាំឱ្យបង្កើតឡើងនៅក្នុងឯកសារគម្រោងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញពីកម្ពុជាដំណាក់កាលទីពីរ ផ្នែកដំឡូងមី (CEDEP II) និងមានចែងនៅក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ ហើយគោលនយោបាយជាតិនោះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាអន្តរក្រសួង និងជួយគាំទ្រពីដៃគូអភិវឌ្ឍន៍ ហើយបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានបន្តថា គោលនយោបាយជាតិនោះមានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក និងមានគោលដៅសំខាន់ចំនួន៣ គឺ ទី១ ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ទី២ ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងទី៣ ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។

លោករដ្ឋមន្ត្រីបានគូសបញ្ជា់ថា តាមរយៈការវិភាគ ដំណាំដំឡូងមីត្រូវបានគេរកឃើញថាបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហេតុនេះដើម្បីទាញយកសក្តានុពលនោះ កម្ពុជាគួរតែធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃរបស់ខ្លួនដោយពង្រឹងសមត្ថភាព ដែលមានស្រាប់និងបង្កើតសមត្ថភាពថ្មីដើម្បីចាប់យកកាលានុវត្តភាពទីផ្សារ ដែលកំពុងរីកចម្រើនសម្រាប់កំណើនសេដ្ឋកិច្ចរួមនិងពង្រីកសេដ្ឋកិច្ចរបស់ខ្លួន ក្នុងការចូលរួមដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២០ ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ ចូលទីផ្សារពិភពលោក មានចំនួនរហូតទៅដល់១២លានតោន ដែលជាពិសេសគឺស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត ដែលក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ កម្ពុជាជាប្រទេសផលិតដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី និងលំដាប់ទី១០នៅក្នុងពិភពលោក។

លោករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយជាតិនេះគឺជាការចាប់ផ្តើមនៃដំណើរថ្មីមួយសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចបន្ថែមប្រកបដោយបរិយាបន្នដល់កម្ពុជាក្នុងបរិបទប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ។

សូមជម្រាបថាដំឡូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទ និងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផល ការកែច្នៃ សម្រាប់ការនាំចេញ ជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ ពោត និងស្រូវសាលី ហើយត្រូវបានដាំដុះដោយប្រជាកសិករនៅតាមទីជនបទ និងបានក្លាយទៅជាដំណាំសក្តានុពល ដោយសារតំបន់ដាំដុះ និងបរិមាណនៃផលិតផល មានការពង្រីកច្រើនឡើងៗ យ៉ាងឆាប់រហ័ស៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner