អ្នករចនាម៉ូតអង់គ្លេស ផលិតសម្លៀកបំពាក់លូតតាមកម្ពស់កុមារ

អង់គ្លេស៖ លោក Ryan Yasin ជាស្ថាបនិកយីហោសម្លៀកបំពាក់កុមារឈ្មោះ Petit Pli មានមូលដ្ឋាននៅក្នុងទីក្រុងឡុង បានប្រើជំនាញរចនាម៉ូតសម្លៀកបំពាក់របស់ខ្លួន ច្នៃជាភ្លីលើខោអាវកុមារឱ្យយឺតតាមកម្ពស់កុមារ។ គំនិតអាជីវកម្មថ្មីនេះ បង្កើតឡើងក្នុងបំណងកាត់បន្ថយវត្តមានសំរាមនៅក្នុងភពផែនដី។ នេះបើតាមការចុះផ្សាយរបស់ WEForum ក្នុងពេលថ្មីៗនេះ។

សម្លៀកបំពាក់ម៉ូឌែលថ្មីសម្រាប់កុមារអាយុចន្លោះ ៦ខែដល់ឆ្នាំ ៣ឆ្នាំនេះ អាចទាញចេញតាមរូបរាងនិងមាឌរបស់កុមារ ហើយវិលទៅរករូបរាងដើមវិញនៅពេលដោះចេញពីខ្លួន។ Petit Pli អាចប្រើប្រាស់បានយូរឆ្នាំ មិនត្រឹមតែកាត់បន្ថយបរិមាណនៃផលិតក្រណាត់ក្នុងឧស្សាហកម្មនោះទេ តែអាចជួយសន្សំសំចៃលុយកាក់របស់ឪពុកម្តាយថែមទៀតផង។

លោក Ryan Yasin បានឱ្យដឹងថា គំនិតច្នៃប្រឌិតប្លែកនេះកើតចេញពីគំរូបច្ចេកទេសបត់ក្រដាសបែបបុរាណរបស់ជប៉ុន ឈ្មោះថា Origami ។ សម្រាប់សម្លៀកបំពាក់កុមារដែលលោកផលិតឡើងទាំងនោះ មាន​ប្រាំពីរទំហំផ្សេងគ្នា និងចម្រុះពណ៌តាមចំណង់ចំណូលចិត្តរបស់អតិថិជន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងចាប់ផ្តើមសាកល្បងផលិតឈុតសម្រាប់មនុស្សពេញវ័យ។

គួរបញ្ជាក់ថា ឧស្សាហកម្មផលិតសម្លៀកបំពាក់នៅទូទាំងពិភពលោកកំពុងបំពុលបរិស្ថានយ៉ាងខ្លាំង។ ជារៀងរាល់ឆ្នាំ បានបញ្ចេញកាកសំណល់និងឧស្ម័នពុលប្រមាណ 1.2 ពាន់លានតោន អាក្រក់ជាងការបំពុលដោយវិស័យអាកាសចរណ៍ និងការដឹកជញ្ជូនតាមនាវា។ សម្លៀកបំពាក់ចាស់ៗសរុប 57 ភាគរយនៃចំនួនផលិតបានក្លាយជាសំណល់សំរាម៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner