លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា រាជរដ្ឋាភិបាល សម្រេចផ្តល់ថវិកា ៨០០លានរៀលទៀត ដល់ខេត្ត ឧត្តរមានជ័យ និង២០០លានរៀល ដល់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករ

អត្ថបទដោយ៖
ធី ដា

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ថវិកា ៨០០ លានរៀលទៀត សម្រាប់ខេត្ត ឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ។

លោកជំទាវ យក់ សម្បត្តិ បានបន្ថែមថា ថវិកា ៨០០លានរៀល សម្រាប់ខេត្តឧត្តរមានជ័យ នឹង ត្រូវប្រើប្រាស់សម្រាប់រៀបចំទីតាំងធ្វើចត្តាឡីស័ក១០កន្លែង រៀបចំបាយទឹកសម្រាប់ពលករ ក៏ដូចជា ប្រើប្រាស់ក្នុងកិច្ចការមួយចំនួនទៀត ដោយសារតែមានពលករជាច្រើន បានសម្រុកចូលមកតាមច្រក ខេត្តឧត្តរមានជ័យ។ ដោយឡែកថវិកាបន្ថែម២០០លានរៀល សម្រាប់ខេត្តបាត់ដំបង គឺដើម្បីសម្រួល ដល់ការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ពលករឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ កំពុងតែរៀបចំបញ្ជូនឱ្យរដ្ឋបាល ខេត្តទាំងពីរភ្លាមៗតែម្តង ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ បានបន្ថែមការឧបត្ថម្ភថវិកាចំនួន៥០០លានរៀល និងជំនួយមួយចំនួនបន្ថែមទៀតដល់ខេត្ត បន្ទាយមានជ័យ ដើម្បីរៀបចំការ ធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ។ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ទើបតែបន្ថែមថវិកាសរុប ៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។

ខេត្តជាប់ព្រំដែនចំនួន៤នោះមាន ខេត្តប៉ៃលិន ទទួលបានថវិកាបន្ថែម ២០០លានរៀល, ខេត្តបាត់ដំបង ទទួលបាន២០០លានរៀល, ខេត្តបន្ទាយមានជ័យ ទទួលបាន២០០ លានរៀល និងខេត្តឧត្តរមានជ័យ ទទួលបានថវិកាបន្ថែម១០០លានរៀល។ ខេត្តចំនួន៤នេះ ក៏ទទួល បានថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ដើម្បីធ្វើយ៉ាងណារៀបចំសម្រួលដល់ការធ្វើចត្តាឡីស័កសម្រាប់ពលករ ដែលមកពី ប្រទេសថៃ។

គិតរហូតដល់ពេលនេះ មានពលករជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា បន្ទាប់ពីប្រទេសថៃ មានការផ្ទុះ រីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងគំហុក នៅខេត្តសាមុតសាខន ហើយបន្តរាលដល់ខេត្ត មួយចំនួនជាប់ព្រំដែន ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner