Google បិទព័ត៌មានក្នុងស្រុកមួយចំនួនរបស់អូស្ត្រាលីចេញពីម៉ាស៊ីនស្វែងរករបស់ខ្លួន

ស៊ីដនី ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នៅថ្ងៃព្រហស្បតិ៍នេះត្រូវបានកាសែត CNA ចេញផ្សាយថា បានចាប់ផ្តើមធ្វើការបិទសារព័ត៌មានក្នុងស្រុករបស់អូស្ត្រាលីមួយចំនួនចេញពីការស្វែងរករបស់អ្នកប្រើប្រាស់ជាជនជាតិអូស្ត្រាលី។

ការសម្រេចចិត្តធ្វើបែបនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលនៃទីក្រុង Canberra បាននឹងកំពុងបង្ខំឲ្យក្រុមហ៊ុបច្ចេកវិទ្យា និងបណ្តាញសង្គមល្បីៗលើសាកលលោកដូចជា Facebook និង Google នេះក្នុងការបង់ប្រាក់នៅពេលដែលពួកគេយកអត្ថបទរបស់សារព័ត៌មានក្នុងស្រុកមកចែករំលែកលើវេបសាយរបស់ខ្លួន។

ផែនការរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការទាមទារឲ្យមានការបង់ប្រាក់ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនោះនឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះព្រមជាមួយនឹងប្រាក់ពិន័យដល់ទៅរាប់លានដុល្លារផងដែរបើពួកគេមិនព្រមអនុវត្តទៅតាមច្បាប់ថ្មីនេះ។ ច្បាប់ថ្មីដែលត្រូវបានគេស្គាល់ថា World First ត្រូវបានគេដឹងទៀតថានឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ2021 នេះ ដោយមានគោលដៅសំខាន់ផ្តោតទៅលើមុខងារចំនួន
2 គឺ News Feed របស់ Facebook និង Google Search របស់ Google ។

អាចជាការឆ្លើយតបរបស់ Google ក្នុងនោះគេជឿជាក់ថាសារព័ត៌មានក្នុងស្រុកធំៗមួយចំនួនដូចជា News Corp និង Guardian Australia នឹងត្រូវបានបិទមិនឲ្យឃើញព័ត៌មានឡើយសូម្បីតែ links ចាស់ៗដែល Google បានហៅវាថា ជាផ្នែកមួយនៃការធ្វើពិសោធន៍របស់ខ្លួន។

យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ Google បានឲ្យដឹងថា ការផ្លាស់ប្តូរនេះគឺជាការងារពិសោធន៍ដ៏តួចមួយរបស់ Google ក្នុងចំណោមបទពិសោធន៍ផ្សេងរាប់ពាន់ទៀតប៉ុណ្ណោះ ហើយបើនិយាយពីផលចំណេញវិញតាមរយៈ referral traffice ក្រុមហ៊ុនបានផ្តល់នូវប្រាក់សរុបដល់ទៅ 169 លានដុល្លារកាលពីឆ្នាំ 2018ទៅឲ្យក្រុមហ៊ុនសារព័ត៌មានទាំងនោះ។

គួរឲ្យដឹងដែរថា Google កាលពីពេលកន្លងមកធ្លាប់បានព្រមានថា វិធីសាស្ត្រដែលរដ្ឋាភិបាលអូស្ត្រាលីកំពុងធ្វើនេះនឹងធ្វើឲ្យពួកគេស្ថិតនៅក្នុងហានិភ័យក្នុងការប្រើប្រាស់សេវាកម្មរបស់ Google ខណៈដែល Facebook ក៏បានឆ្លើយតបតាមរយៈការព្រមានថា នឹងបិទរាល់ព័ត៌មានទាំងអស់ចេញពីអ្នកប្រើប្រាស់ ជាពិសេសសូម្បីតែក្រុមហ៊ុនអ្នកសារព័ត៌មានក៏មិនអាចចែករំលែកព័ត៌មានរបស់គេទៅកាន់អ្នកប្រើប្រាស់បានដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner