ប្រមុខការទូតកម្ពុជាប្រកាស់ដាក់ឲ្យប្រើ “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ ២០២១- ២០២៣ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មក្រោយចប់ជំងឺកូវីត១៩
ប្រមុខការទូតជាន់ខ្ពស់កម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត“យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ”សណ្ឋាគារសូហ្វី តែលភ្នំពេញភូគីត្រា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ។
នាឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុខុន ឧប នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេស មានប្រសាសន៏លើកឡើងថា៖គោលនយោបាយនេះត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី គាំទ្រយ៉ាង ពេញលេញ ដោយសម្តេចបានបញ្ជាក់ថា៖ ការទូតសេដ្ឋកិច្ចគឺជាអាទិភាពមួយសម្រាប់គោលនយោ បាយការបរទេសកម្ពុជា ដោយមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មប្រភពកំណើននិងដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖
ឯកសារយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១ -២០២៣ ត្រូវបានរៀបចំឡើងនៅក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិន ធ្លាប់ជួប ក្នុងរយៈពេលជាង៣ទសវត្សចុងក្រោយនេះ។ ការគំរាមគំហែងនេះបណ្តាលមកពីកត្តាគួបផ្សំគ្នាជាច្រើន។ កត្តាធំជាងគេ២គឺ ទី១កត្តាធម្មជាតិ និងទី២កត្តាមនុស្ស។
ការផ្ទុះនិងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យពិភពលោកទាំងមូលរង្គោះរង្គើ។ កត្តាធម្មជាតិមួយនេះ មិនត្រឹមតែប៉ះពាល់ដល់វិស័យសុខាភិបាល ក្នុងកំរិតមិនធ្លាប់មានប៉ុណ្ណោះទេ វាក៏បណ្តាលឱ្យសេដ្ឋកិច្ចពិភពលោកទាំងមូលធ្លាក់ក្នុងវិបត្តិជ្រាលជ្រៅ។ កូវីដ-១៩ បានរុញឱ្យច្រវាក់ផ្គត់ ផ្គង់តំបន់ និងពិភពលោករអាក់រអួល និងកាត់ផ្តាច់ក្នុងកំរិតធ្ងន់ធ្ងរ វិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងគំហុកសឹងដល់បាត វិស័យដឹកជញ្ជូន ពិសេសផ្លូវអាកាសគាំងដំណើរការ ទំនុកចិត្តខាងធុរកិច្ច និងអតិថិជនចុះខ្សោយដោយសារវិធានការរឹតត្បិតនានា ដើម្បីឃុំគ្រងកុំឱ្យជំងឺរាលដាល។
ជំងឺឆ្លងនេះ ក៏បង្កហានិភ័យកាន់តែធំឡើង នៃការក្ស័យធនផ្នែកធុរកិច្ច ដែលនឹងបង្កការបាត់បង់ការ ងាររបស់មនុស្សរាប់រយលាននាក់។ ទោះបីជាមាន ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺនេះជាបណ្តើរៗហើយក៏ដោយ ក៏គេពុំទាន់អាចប្រមើលមើល ឃើញ អំពីការវិលត្រឡប់មកវិញ នូវប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ចពិភពលោកនោះដែរ។
ផលប៉ះពាល់របស់កូវីដ-១៩ មិនត្រឹមតែលាត សន្ធឹងលើវិស័យសេដ្ឋកិច្ច សង្គម និងហិរញ្ញវត្ថុប៉ុណ្ណោះទេ តែក៏ហក់ចូលក្នុងសង្វៀននយោបាយ ដោយការធ្វើនយោបាយតូបនីយកម្ម ដើម្បីយកកំហុសនៃអសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺនេះ ទៅទំលាក់ឱ្យអ្នកដទៃ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន មាន ប្រសាសន៏បញ្ជាក់ទៀតថា;“ទណ្ឌកម្ម” ដែល សហភាពអឺរ៉ុប(EU )បានសម្រេចដាក់មកលើកម្ពុជា ក្នុងគ្រាដែលប្រទេសតូចរបស់យើងកំពុងប្រមូលកិច្ចប្រឹងប្រែងគ្រប់យ៉ាង ធនធានគ្រប់ប្រភេទ និងមធ្យោបាយចំរុះ ដើម្បីទប់ទល់នឹងការរាលដាលនៃជំងឺកូវីដ-១៩ ផង និងទប់កុំឱ្យសេដ្ឋ កិច្ចដួលរំលំផង ត្រូវបាន សម្តេចតេជោនាយករដ្ឋមន្ត្រី ហៅយ៉ាងច្បាស់ក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជតិ(អ.ស.ប.) លើកទី៧៥ ថាជា “ភាពអយុត្តិធម៌”។ ការដែលសហភាពអឺរ៉ុបដកហូត អ៊ី ប៊ីអេ EBA មួយផ្នែកពីកម្ពុជា នៅពេលដែលប្រទេសនេះកំពុងប្រឹង ប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ-១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ។
ទោះបីយ៉ាងណាក៏ដោយក៏កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈ ពេល៤០ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថាជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការ ពារអធិបតេយ្យជាតិ និងថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និងទទួលបានការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជាទាំងមូល ដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុត និងកំពុងតែងើបឈរឡើងជាប្រជាជាតិមួយ ស្មើ មុខមាត់ ស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងសកលោក។»៕ សួង ពិសិដ្ឋ