ពន្ធដារ និងគយ ដាក់ឲ្យដំណើរការមុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ រៀបចំប្រារព្ធពិធីប្រកាស ដាក់ឲ្យដំណើរការជាផ្លូវការ នូវមុខងារសន្ធានកម្ម (ការភ្ជាប់) ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ រវាងអង្គភាពទាំង២។

លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង លោក លោកស្រី និងមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងសមាជិក សមាជិកានៃក្រុមការងារចម្រុះ និងក្រុមការងារបច្ចេកទេស តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានទាំងពីរ សរុបប្រមាណ៥០នាក់។

អនុលោមតាមអនុសាសន៍ណែនាំ របស់លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារចម្រុះ រវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានបង្កើតឡើងតាមប្រកាសលេខ ៥៦៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីសហការ និងសម្របសម្រួលក្នុងការផ្តល់ជូនគ្នា ទៅវិញទៅមកនូវព័ត៌មាន និងទិន្នន័យ ដែលអាចបម្រើឲ្យការសិក្សាវិភាគ លើកវិធានការពង្រឹងការគ្រប់គ្រង និងបង្កើនការប្រមូលចំណូលពន្ធដារ និងចំណូលពន្ធគយ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ជាចូលរួមពង្រឹងការអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ស្តីពីវិធានការបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើគេចវេសពន្ធនានា។

ការដាក់ឲ្យដំណើរការ នូវមុខងារសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ រវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញពីវឌ្ឍនភាពថ្មី នៃការចាប់យកនូវសក្តានុពល និងកាលានុវត្តនៃបច្ចេកវិទ្យា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ឲ្យកាន់តែល្អប្រសើរបន្ថែម រវាងអគ្គនាយកដ្ឋានទាំងពីរ លើការចែករំលែកទិន្នន័យ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយធ្វើទំនើបកម្មភាពទាន់សម័យ ទាន់សភាពការណ៍នៃកំណើនសេដ្ឋកិច្ច និងកាន់តែច្បាស់លាស់ នៃព័ត៌មានទិន្នន័យ ស្របតាមកម្មវិធីកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

មានការចូលរួមចំណែកដ៏សំខាន់ ក្នុងការជំរុញរដ្ឋាភិបាលអេឡិកត្រូនិក (e-Government) និងបដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសជាការឆ្លើយតបប្រកប ដោយប្រសិទ្ធិភាព ទៅនឹងការសម្រួលផ្នែកធុរកិច្ច (ease of doing business) លើកតម្កើងឲ្យមានភាពស្មើគ្នា នៃការវិនិយោគផង ព្រមទាំងឆ្លើយតប ទៅនឹងផលប៉ះពាល់ ពីជំងឺផ្លូវដង្ហើមបណ្តាលមកពីមេរោគកូវីដ-១៩ ដែលតម្រូវឲ្យរក្សាគម្លាតសង្គម និងកាត់បន្ថយការជួបជុំគ្នា។

ក្រុមការងារបច្ចេកទេស តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម បានអភិវឌ្ឍ និងរៀបចំលក្ខណៈបច្ចេកទេសរួចរាល់ជាស្ថាពរ ដោយបានដាក់ឲ្យដំណើរការសាកល្បង (Soft Launching) នូវមុខងារសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ រវាងអគ្គនាយកដ្ឋានទាំងពីរ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

មុខងារសន្ធានកម្ម នឹងអនុញ្ញាតឲ្យអគ្គនាយកដ្ឋានទាំងពីរ អាចទាញយកទិន្នន័យចេញពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ឬអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្របតាមតម្រូវការភ្លាមៗ ប្រកបដោយតម្លាភាព និងសុវត្ថិភាពខ្ពស់។

ទិន្នន័យដែលត្រូវចែករំលែក តាមមុខងារសន្ធានកម្មប្រព័ន្ធ ស្វ័យប្រវត្តិកម្ម និងតាមការស្នើសុំ រួមមាន៖
§* ព័ត៌មាននៃការចុះបញ្ជីសហគ្រាស

* ព័ត៌មាននៃការប្រកាសសារពើពន្ធ
* ព័ត៌មាននៃការប្រកាសប្រតិវេទន៍ទំនិញនាំចេញ-នាំចូល
* ទិន្នានុប្បវត្តិទិញ-លក់ និង
* ព័ត៌មានចាំបាច់មួយចំនួនទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner