ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា
នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សាលា ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តមបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លោកជំទាវ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ រួមជាមួយវត្តមាន ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅនៅសាលា ប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង)។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឡើងធ្វើរបាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលនានានៃសាលា ប៊ែលធី អន្តរជាតិ ជូនដល់ប្រតិភូគណៈកម្មការ ជាពិសេសការរៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដោយអនុវត្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) និងបានបង្កើតកម្មវិធី Mobile App ឈ្មោះ “BELTEI International School” ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្ស អាចសិក្សាស្រាវជ្រាវ និងរំលឹកមេរៀនឡើងវិញនៅផ្ទះ នៅពេលទំនេរ។
ក្នុងដំណើរនៃការចុះទស្សនកិច្ចត្រួតពិនិត្យសាលានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងការចូលរួមអនុវត្ត ផ្សព្វផ្សាយ និងរៀបចំបរិស្ថានសាលារៀនដែលមានសុវត្ថិភាព ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សអាចចាប់ផ្តើមបវេសនកាលសិស្សាថ្មីពោរពេញដោយភាពកក់ក្តៅ។
ទន្ទឹមនេះ ឯកឧត្តមប្រធានគណៈកម្មការ ក៏មានប្រសាសន៍ជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងអស់បន្តការយកចិត្តទុកដាក់ និងត្រៀមបន្ថែមក្នុងការសម្របខ្លួនទៅតាមគន្លងថ្មីនៃវិស័យអប់រំ ដោយសង្កត់ធ្ងន់លើស្ថានភាពនៃភាពប្រកួតប្រជែងរបស់កម្ពុជា នាថ្ងៃអនាគត ដែលពឹងផ្អែកលើគុណភាពនៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្សពីមួយជំនាន់ទៅមួយជំនាន់។
សូមជម្រាបជូនដែរថា ការចុះទស្សនកិច្ចផ្ទាល់នៅតាមសាលារៀន ដើម្បីស្វែងយល់ពីដំណើរការអនុវត្តគោលការណ៍ប្រតិបត្តិ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅតាមសាលាក្នុងរាជធានីភ្នំពេញ គឺជាការចុះលើកដំបូង របស់គណៈកម្មការ ដោយកន្លងមក គណៈកម្មការទី៧ បានផ្តោតការចុះបំពេញបេសកកម្មទៅកាន់រាជធានី-ខេត្ត ដើម្បីតាមដាន ត្រួតពិនិត្យ និងក្តាប់ស្ថានការណ៍រួមនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យទាំងបួនក្នុងបន្ទុកនៅមូលដ្ឋានផ្ទាល់។
គួរបញ្ជាក់ដែរថា សាលា ប៊ែលធី អន្តរជាតិ មាន ២៤ទីតាំង (២១ទីតាំង កំពុងដំណើរការ និង ៣ទីតាំងកំពុងសាងសង់) និងមានបុគ្គលិកបម្រើការ ២,៤៥៣នាក់ (នារី ៩៦៥នាក់) និងសិស្សកំពុងសិក្សា ៤៤,៤៧៩នាក់ (នារី ១៤,៧២៣នាក់)៕