ក្រុមហ៊ុនចិន Xiaomi ច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ខ្លួនជាក្រុមហ៊ុនយោធាកុម្មុយនិស្ដចិន
ចិន៖ ក្រុមហ៊ុន Xiaomi បានចេញមុខបដិសេធ និងអះអាងថា ខ្លួនជាក្រុមហ៊ុនមួយដែលឯករាជ្យ និង មិនស្ថិតក្រោមការគ្រប់គ្រងដោយយោធាចិននោះទេ ខណៈការបដិសេធនេះធ្វើឡើងក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាដាក់ក្រុមហ៊ុននេះ ទៅក្នុងបញ្ជីខ្មៅ និងហាមមិនឱ្យមានអ្នកវិនិយោគ និងក្រុមហ៊ុនអាមេរិកធ្វើជំនួញជាមួយ ។
តាមរយៈលិខិតផ្លូវការរបស់ខ្លួន ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា យើងសូមបញ្ជាក់ជាថ្មីថា យើងបានផ្តល់នូវផលិតផល និងសេវាកម្មសម្រាប់ការប្រើប្រាស់ជាលក្ខណៈស៊ីវិល (មិនមែនយោធា) ហើយយើងធ្វើដើម្បីពាណិជ្ជកម្ម… យើងមិនមែនជាកម្មសិទ្ធិ ឬស្ថិតក្រោមការគ្រប់ គ្រងដោយយោធានចិនឡើយ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិកនេះដែរ ក្រុមហ៊ុនចិនដែលជួបបញ្ហានេះមុនគេ គឺក្រុមហ៊ុន ហូវៃ ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធ និងទណ្ឌកម្មដែលធ្វើឱ្យតួលេខនៃការលក់ទូរស័ព្ទដៃធ្លាក់ចុះនៅក្នុងទីផ្សារអាមេរិក ជាពិសេសគឺស្មាតហ្វូនប្រើប្រាស់សេវា 5G ៕
ប្រភព៖ GSM Arena