វិបត្តិកូវីដ១៩ក្នុងឆ្នាំ២០២០ ធ្វើអោយសំណង់ដែលវិនិយោគដោយបរទេសជាង១ពាន់កន្លែងផ្អាកដំណើរការ ខណៈសំណង់មានម្ចាស់ជាខ្មែរជិត៩០កន្លែងដំណើរការធម្មតា
ខេត្តព្រះសីហនុ៖ នៅក្នុងឆ្នាំ២០២០ ដែលជាឆ្នាំជួបវិបត្តិជំងឺកូវីដ១៩នោះ ខេត្តព្រះសីហនុ មានសំណង់ដែលវិនិយោគដោយបរទេសជាង១ពាន់កន្លែងបានផ្អាកដំណើរការ ស្របពេលដែលសំណង់មានម្ចាស់ជាខ្មែរជិត៩០កន្លែងកំពុងដំណើរការជាធម្មតា នេះបើតាមការបញ្ជាក់របស់លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ។
លោក ឃាង ភារម្យ បានមានប្រសាសន៍ដូច្នេះថា សំណង់ដែលផ្អាកការសាងសង់ នៅក្នុងអំឡុងជំងឺកូវីដ១៩នេះ គឺមានម្ចាស់ជាជនបរទេស ហើយភាគច្រើនជាជនជាតិចិនតែម្ដង ព្រោះថានៅពេលមានជំងីនេះរីករាលដាល អ្នកវិនិយោគជាជនជាតិចិន ពួកគាត់ត្រូវត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ហើយសំណង់ដែលបានបន្តដំណើរផ្សេងទៀតនោះ គឺសុទ្ធសឹងតែជាសំណង់ដែលមានម្ចាស់ជាជនជាតិខ្មែរ ហើយសំណង់នោះមានចាប់ពី៥ជាន់ឡើងដល់ប្រមាណជាង៥៣ជាន់ ដែលជនជាតិខ្មែរយើងអាចមានលទ្ធភាពសាងសង់បានផងដែរ ។ លោកបន្តថា ក្នុងបរិបទជំងឺកូវីដ១៩ វាជាវិបត្តិសកល គឺមិនមែនមានតែកម្ពុជានោះទេ ហើយវិបត្តិនេះ បានជះឥទ្ធិពលច្រើនលើគ្រប់វិស័យ ។ ជាក់ស្ដែងដូចជាវិស័យសំណង់ ក្នុងខេត្តព្រះសីហនុវិញឃើញថា ក្នុងឆ្នាំ២០២០ សកម្មភាពនៃការសាងសង់ គឺមានការថយចុះ ដោយសំណង់ដែលបានសាងសង់ទាំងអស់មានចំនួន១ពាន់៥១៤ទីតាំង ដោយឡែងក្នុងនោះមានសំណង់តែ៨៩ទីតាំងប៉ុណ្ណោះកំពុងដំណើរការសាងសង់ ហើយក្រៅពីនេះ គឺមានការផ្អាកការសាងសង់ផងដែរ ។
លោកបន្ថែមថា បញ្ហាបែបនេះ វាត្រូវតែរង់ចាំនៅពេលជំងឺកូវីដ១៩ មានការគ្រប់គ្រងបាន ហើយវ៉ាក់សាំងដែលបានផលិតពីបណ្ដាលប្រទេសមួយចំនួន មានលទ្ធផលល្អអាចគ្រប់គ្រងជំងឺកូវីដ១៩ និងចែកចាយពេញពិភពលោក ពេលនោះការវិនិយោគនឹងមានសញ្ញាណល្អឡើងវិញ ។ លោកបន្តថា សំណង់វិនិយោគក្នុងខេត្តព្រះសីហនុ ភាគច្រើនជាសំណង់អគារខ្ពស់ៗ ដូចជាសំណង់បែបអគារពាណិជ្ជកម្ម សណ្ឋាគារ និងសំណង់ផ្សេងៗទៀត ដែលបម្រើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្ត ។ លោកក៏បានបញ្ជាក់ផងដែរថា រយៈពេល៤ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមានសំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន១ពាន់៥១៤អគារ មានក្រឡាផ្ទៃសរុប១៤លាន៧៣ម៉ឺន៦ពាន់៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប៨ពាន់៤៩លាន៦៩ម៉ឺន២ពាន់៨៣១ដុល្លារអាមេរិក ៕