មន្រ្តីប៉ូលិសដែលសង្កត់កជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នៅទីក្រុងមីននាផូលីស ត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ពីបទមនុស្សឃាត
សហរដ្ឋអាម៉េរិក៖ មន្រ្តីប៉ូលិសទីក្រុងមីននាផូលីស លោក ឌើរ៉េក ឆោវិន ដែលបានសង្កត់កជនជាតិស្បែកខ្មៅឈ្មោះ ចច ផ្លយ រហូតដល់ស្លាប់ នៅទីក្រុងនេះត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ពីបទមនុស្សឃាត ខណៈអាជ្ញាធរកំពុងព្យាយាមស្តារស្ថេរភាពឡើងវិញ ក្រោយផ្ទុះការតវ៉ាដ៏ហិង្សាអស់រយៈពេល៣យប់ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។
ផ្លយ ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុងមីននាផូលីស យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះជារូបគេបានសុំអង្វរ និងស្រែកថា មិនអាចដកដង្ហើមបាន យ៉ាងណាក៏ដោយ ។
ដោយសារករណីនេះ ក្រុមបាតុករបានធ្វើបាតុកម្មតវ៉ាដ៏កក្រើកនៅតាមបណ្តារដ្ឋជាច្រើនក្នុងសហរដ្ឋអាម៉េរិក ដើម្បីទាមទាររកយុត្តិធម៌ ឱ្យបុរសស្បែកខ្មៅម្នាក់នេះ ដោយក្រុមបាតុករបានស្រែកពាក្យស្លោក «ខ្ញុំមិនអាចដកដង្ហើម» នៅក្នុងបាតុកម្មតវ៉ារបស់ពួកគេផងដែរ ប៉ុន្តែបាតុកម្មតវ៉ាបានប្រែទៅជាអំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករ ហើយជាលទ្ធផលមនុស្សជាច្រើនត្រូវបានចាប់ខ្លួន និងរងរបួស ៕