ថៃនឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតនៅដើមសប្តាហ៍ក្រោយនេះ ប៉ុន្តែត្រូវអនុវត្តន៍វិធានការបង្ការការឆ្លង COVID-19
ថៃ៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោក សុមសាក់ រូងស៊ីថា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមិថុនានេះតទៅ រោងភាពយន្តនឹងអាចបើកទ្វារឡើងវិញបាន ប៉ុន្តែមិនត្រូវមានមនុស្សលើសពី២០០នាក់ក្នុងមួយពេលៗឡើយ ហើយចាំបាច់ត្រូវអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថិភាពឲ្យបានតឹងរ៉ឹង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២០ ។
ចំណែកបំរាមគោចរក៏នឹងត្រូវបន្ថយរយៈពេលថែមទៀតផងដែរ គឺមកនៅត្រឹមពីម៉ោង១១៖០០នាទីយប់ដល់ម៉ោង៣៖០០នាទីទាបភ្លឺ ហើយផ្សារទំនើបដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនាពេលកន្លងទៅក្នុងខែនេះ ក៏នឹងអាចធ្វើប្រតិបត្តិការបានយូរជាងមុនផងដែរ ។
សូមជម្រាបថា ថៃស្ថិតនៅលំដាប់ទី៧៧ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអត្រាឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ថៃមានចំនួនអ្នកឆ្លងសរុប៣ពាន់៧៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៩៤៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕