អាកាសយានដ្ឋានយ៉ាងហ្គូនរបស់មីយ៉ាន់ម៉ា បន្តរឹតត្បិតលើប្រតិបត្តិការហោះហើរអន្តរជាតិរហូតដល់ពាក់កណ្តាល ខែមិថុនា ដើម្បីទប់ស្កាត់ COVID-19
មីយ៉ាន់ម៉ា៖ ការរិតបន្តឹងលើប្រតិបត្តិការផ្តល់សេវាកម្មជើងហោះហើរអន្តរជាតិ នៅឯអាកាសយានដ្ឋានអន្តរជាតិ យ៉ាងហ្គូន ត្រូវបានពង្រីករហូតដល់ថ្ងៃទី១៥ ខែមិថុនាខាងមុខ ខណៈជើងហោះហើរក្នុងស្រុកនៅតែបន្តប្រតិបត្តិការដដែល នេះបើតាមក្រុមហ៊ុន យ៉ាងហ្គូន អ៊ែររ៉ូដ្រូម ខមភែននី លីមីតធីត ដែលជាប្រតិបត្តិករអាកាសយានដ្ឋាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។
អាកាសយានដ្ឋានរបស់មីយ៉ាន់ម៉ាបានផ្អាកសេវាកម្មហោះហើរអន្តរជាតិ ជាលើកដំបូងចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១៣ ខែមេសា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 នៅក្នុងប្រទេស ។ ហើយក្រោយមក អំឡុងពេលនៃការផ្អាកបានពង្រីកបន្ថែមចំនួន៣ដង គឺពង្រីករហូតដល់ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា និងរហូតដល់ថ្ងៃទី៣១ ខែឧសភានេះ ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ យ៉ាងហ្គូន មានអ្នកធ្វើដំណើរឆ្លងកាត់១.៤៦លាននាក់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ដែលចំនួននេះ មានការធ្លាក់ចុះ១៧.១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការធ្លាក់ចុះនេះ គឺដោយសារតែមានការរិតបន្តឹងលើការធ្វើដំណើរ អំឡុងវិបិត្ត COVID-19 ៕