ឯកឧត្តម ស សុខា បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤ លើកទី២ឆ្នាំ២០១៩នៅសាលានគរបាលជាតិភូមិភាគ៥ បាត់ដំបង

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤ លើកទី២ឆ្នាំ២០១៩នៅសាលានគរបាលជាតិភូមិភាគ៥ បាត់ដំបង

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៤ លើកទី២ សម្រាប់ឆ្នាំ២០១៩ ដល់សិស្សនគរបាលក្របខ័ណ្ឌថ្មីសម្រាប់ឆ្នាំ២០១៩ដែលត្រូវបានបញ្ចប់នូកម្មសិក្សាប្រកបដោយជោគជ័យចំនួន ២៣៨រូបនៅសាលានគរបាលជាតិភូមិភាគ៥បាត់ដំបង នារសៀលថ្ងៃទី២០ខែមករា២០២១នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងទៅកាន់ថ្នាក់ដឹកនាំគ្រូនគរបាលជាតិនិងមន្ត្រីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃទាំង៦របស់ខ្លួនគឺ៖ការគោរពវិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត និងនវានុវត្តន៍ ក្រោមទិសស្លោក៖ ” យើងរួមគ្នា កសាង នូវ វប្បធម៌គុណភាព “។

ការថ្លែងលើកឡើងបែបនេះ បន្ទាប់ពីបានស្តាប៎របាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ដែលបានរាយការណ៍អំពីដំណើរការ និង លទ្ធផលនៃការបណ្តុះបណ្តាល និងពីវឌ្ឍនភាព របស់សាលានិងសិស្សនគរបាលដែលត្រូវបានបញ្ចប់ការសិក្សានិងទទួលនូវជ័យលាភីថ្ងៃនេះ។សិស្សនគរបាលដែលត្រូវបញ្ចប់នូវកម្មសិក្សារបស់ខ្លួនថ្ងៃនេះ មានចំនួន២៣៨រូប និងមកពីខេត្តចំនួន៣ រួមមានខេត្តបាត់ដំបង ពោធិសាត់ និង ខេត្តប៉ៃលិន។

ឯកឧត្តម ស សុខា បានថ្លែងលើកឡើងដោយបានគូសបញ្ជាក់៖ អំពីវឌ្ឍនភាព កិត្យានុភាព និងឧត្តមភាព របស់ បណ្ឌិត្យសភា ទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ដែលបច្ចុប្បន្ននេះបានធ្វើឲ្យបណ្ឌិត្យសភានគរបាលកម្ពុជាទទួលបានជោគជ័យ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ដោយការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ដោយផ្អែកលើផែនការយុទ្ធសាស្ត្រ បទប្បញ្ញតិ្តនានាកម្មវិធីកំណែទម្រង់ការប្រកាន់ខ្ជាប់នូវគុណតម្លៃទាំង៦របស់ខ្លួននូវក្នុងការ៖គោរពវិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត និងនវានុវត្តន៍ ក្រោមទិសស្លោក៖ ” យើងរួមគ្នា កសាង នូវ វប្បធម៌គុណភាព “។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងនូវការកោតសរសើរ និងបានផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលានគរបាលជាតិភូមិភាគ៥ ឲ្យខិតខំបន្តបំពេញភារកិច្ច ដើម្បីទទួលបានជោគជ័យថ្មីៗបន្ថែមទៀត តាមផែនការកំណត់។ ព្រមទាំងបានផ្តាំផ្ញើដល់សិស្សជ័យលាភីទាំងអស់ ឲ្យយកចំណេះដឹង និង ជំនាញរបស់ខ្លួនទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់សង្គម ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ អាកប្បកិរិយាល្អ ស្មារតីដោយការទទួលខុសត្រូវ និង ការគោរពប្រតិបត្តិច្បាប់ ដើម្បីក្លាយខ្លួនជាមន្ត្រីនគរបាលល្អ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈអធិបតី ក៏បានផ្តល់នូវកិត្តិយស ប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិស្សនគរបាលជ័យលាភីចំនួន២០រូបផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner