ដំណាំកសិកម្មហូបផ្លែជាច្រើនប្រភេទ កំពុងលាក់ខ្លួននៅលើផ្ទៃដីចំការប្រមាណ ១០ហិចតា របស់ប្រជាកសិករ នៅក្នុងខេត្តព្រះវិហារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ ប្រជាកសិករខេត្តព្រះវិហារ បានដាំដំណាំហូបផ្លែធម្មជាតិ ជាច្រើនប្រភេទ លាតសន្ធឹងលើផ្ទៃដីចំការប្រមាណ ១០ហិចតា ហើយទិន្នផលកសិកម្ម ដែលបានមកពីការខិតខំប្រឹងប្រែង ដាំ និងថែទាំងតាមក្បួនបច្ចេកទេសនោះ កំពុងហុចផលអោយ ហើយទិន្នផលទាំងនោះ នឹងជួយអោយជីវភាពរបស់អ្នកចំការ មានភាពធូរធាទ្វេឡើង ជួយកាត់បន្ថបាននូវភាពក្រីក្រក្នុងគ្រួសារ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ប្រសិនបើលោកអ្នកចង់ឃើញ និងចង់ភ្លក់រសជាតិផ្លែឈើធម្មជាតិ ពីភោគផលកសិកម្មដ៏សំបូរបែបនេះ លោកអ្នកអាចធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ឆ្ពោះមកទិសខាងត្បូងខេត្ត មានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រ នោះនឹងទៅដល់ទីឈប់សំចត នៃដែនដីចំការមួយកន្លែង ដែលលាក់ទៅដោយភោគផលកសិកម្មធម្មជាតិ របស់ម្ចាស់ចំការម្នាក់ ឈ្មោះ ហួត បាន នោះហើយ។ ផ្ទៃដីដាំដំណាំហូបផ្លែធម្មជាតិនោះ ស្ថិតនៅក្នុងភូមិហ្មសែត សង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ម្ចាស់ចំការ លោក ហួត បាន ស្ថិតក្នុងវ័យ៥០ឆ្នាំ បានរៀបរាប់អោយដឹងថា លោកមានផ្ទៃដីចំការ សម្រាប់ដាំដំណាំហូបផ្លែ ប្រមាណជា ១០ហិចតា ដែលសុទ្ធសឹងតែជាដំណាំធម្មជាតិ មិនប្រើជីគីមី ជាច្រើនប្រភេទ មានដូចជា ដំណាំធុរេន ដំណាំម្នាស់ ខ្នុរ និងដំណាំសាវម៉ាវផងទៀត ហើយដំណាំទាំងនេះ កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចនៅទូទាំងប្រទេស ដោយពួកគាត់ថា ការហូបទៅមានរសជាតិឆ្ងាញ់ ខុសប្លែកពីផ្លែឈើ ដែលនាំចូលពីក្រៅប្រទេស ដោយអ្នកខ្លះបានចូលមកទិញ និងការថតរូបលេង ថែមទៀតផង។

លោកបានបន្តថា ការទទួលបានផលផ្លែផ្កាទាំងនេះ មិនមែនបានមកដោយងាយស្រួលនោះឡើយ គ្រប់យ៉ាង គឺកើតចេញពីការពេញចិត្ត ការចំណាយកម្លាំងញើសឈាម ជាពិសេសនោះ គឺមានទុនសម្រាប់ដាំ អោយស្របតាមក្បួនបច្ចេកទេសកសិកម្ម បូករួមទាំងការមើលថែទាំ ក៏ត្រូវយល់អោយបានច្បាស់ផងដែរ ប្រសិនបើមិនយល់នោះទេ គ្រប់យ៉ាងនឹងខាតបង់ និងក៏មិនអាចហ៊ុចផលផ្លែផ្កា ត្រឡប់មកអោយអ្នកដាំដុះ វិញបានឡើយ។

ម្ចាស់ចំការ លោក ហួត បាន បានរៀបរាប់ទៀតថា ដោយចិត្តស្រឡាញ់ធម្មជាតិ លោកបាន និងកំពុងបន្តពង្រីក នូវមុខរបររបស់លោកបន្ថែមទៀត ក្រៅពីដំណាំហូបផ្លែ នៅមានចំការម្រេច ស្រកានាគ និងអ្វីដែលគួរចាប់់អារម្មណ៍បំផុតនោះ គឺការចិញ្ចឹមឃ្មុំតាមបែបធម្មជាតិ ដោយសារសត្វឃ្មុំ មានប្រយោជន៍ជាច្រើន ដល់ការដាំដុះដំណាំកសិកម្ម តាមរយះការជញ្ជក់ផ្កា ធ្វើអោយកេសរញី និងកេសរឈ្មោលប៉ះគ្នា ធ្វើអោយកាន់ផ្លែល្អ។ មួយវិញទៀត យើងក៏អាចទទួលបានទឹកឃ្មុំសុទ្ធ សម្រាប់យកមកប្រើប្រាស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ នៅក្នុងការជួយព្យាបាលរោគ និងតម្រូវការផ្សេងៗទៀត បានមួយភាគផងដែរ។

លោកបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ប្រសិនបើចង់ទទួលបានអំណោយផល ខាងវិស័យកសិកម្ម លោកអាចជួយប្រាប់ពីវិធីដាំដុះ តាមក្បួនកសិកម្ម ដើម្បីចែករំលែកបទពិសោធន៍ ដល់បងប្អូនប្រជាកសិករបាន ប្រសិនបើមានបំណងចង់ដាំដុះ ផ្លែឈើធម្មជាតិទាំងនេះ សូមកុំទុកដីអោយទំនេរ ត្រូវងាកមកមើលលើការដាំដុះ លើកស្ទួយវិស័យកសិកម្មក្នុងស្រុក ដែលមិនមានផលប៉ះពាល់ដល់សុខភាព ហើយអាចជួយបង្កើនមុខរបរ ធ្វើអោយជីវភាពគ្រួសារ កាន់តែធូរធាទ្វេឡើង ជួយកាត់បន្ថយបាន នូវភាពក្រីក្រ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់ថា លោកចង់បង្កើនមុខរបរ លើការដាំដុះផលកសិកម្មនេះ អោយបានច្រើនប្រភេទបន្ថែមទៀត ដើម្បីអោយធ្វើវិស័យកសិកម្ម ក្លាយជាវិស័យកសិទេសចរណ៍ ក្នុងការទាក់ទាញអ្នកទេសចរជាតិ ជាពិសេស អ្នកទេសចរណ៍ក្នុងស្រុក អោយចូលមកទស្សនាកម្សាន្ត តាមរយៈការលើកទឹកចិត្ត ពីរាជរដ្ឋាភិបាលកម្ពុជា តែបានជំរុញអោយមានវិស័យកសិទេសចរណ៍នេះឡើង៕  ដោយ៖ឡុង សំបូរ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner