លោកជំទាវ បាន ស្រីមុំ សំណេះសំណាល និងជូនដំណើរប្អូនស្រីជាពលករមកពីប្រទេសថៃ ត្រលប់ទៅលំនៅដ្ឋានជួបជុំឪពុកម្តាយ បងប្អូន ប្រពន្ធកូន បន្ទាប់ពីបានជាសះស្បើយ

អត្ថបទដោយ៖
ធី ដា

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាល និងជូនដំណើរប្អូនស្រីជាពលករមកពីប្រទេសថៃ ត្រលប់ទៅលំនៅដ្ឋានជួបជុំឪពុកម្តាយ បងប្អូន ប្រពន្ធកូន បន្ទាប់ពីបានឆ្លងវីរុសកូវីដ១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល រហូតទទួលបានជាសះស្បើយក្នុងពេលវេលានេះ ។

បើតាមរបាយការណ៌របស់ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ប្អូនៗពលករដែលទទួលការព្យាបាលនៅមណ្ដលចត្តាឡីស័កផ្ទះសំណាក់គ្រូប្រងៀននាពេលនេះ មានចំនួន១៣នាក់ និងបានជាសះស្បើយពីជម្ងឺកូវីង-១៩អស់ហើយ ។ នៅក្នុងការធ្វើចត្តាឡីស័កនិងព្យាបាល ក្រុមគ្រូពេទ្យជំនាញជារៀងរាល់ថ្ងៃបានធ្វើការអប់រំបព្ហាសុខភាពជាប្រចាំ ការពិនិត្យសុខភាពមានបាញ់អាល់កុលសំអាតដៃ ការពិនិត្យកំដៅ ការចែកម៉ាស់និងការយកសំណាកក្នុងម្នាក់យកពីរលើកដើម្បីស្វែងរកជម្ងឺកូវីដ១៩។

ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកជំទាវបាន ស្រីមុំ បានពាំនាំយកនូវការអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្អូនស្រីនាពេលនេះផងដែរ ។ ក្នុងនាមលោកជំទាវផ្ទាល់ ក៏សូមសម្តែងនូវទឹកចិត្តត្រេកអរជាអនេកជាមួយប្អូនស្រីជាពលករ និងបានផ្តាំផ្ញើទៅប្អូនស្រីថា ទោះបីពេលនេះទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ប្រញាលទំនាក់ទំនងមកក្រុមគ្រូពេទ្យជំនាញភ្លាមៗ និងកុំភ្លេចញាំថ្នាំឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ។

លោកជំទាវអភិបាល បានបញ្ជាក់ប្រាប់ប្អូនៗជាពលករថា ក្នុងដំណាក់កាលព្យាបាល ការស្នាក់នៅ និងហូបចុកគឺជាការយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយលោកទាំងទ្វេមិនទុកអោយបងប្អូនពលករខ្មែរយើងណាម្នាក់ ជួបទុក្ខលំបាកដោយសារវីរុសកូវីដ១៩ ដោយលោកមិនបានដឹង មិនបានលឺ និងមិនបានដោះស្រាយនោះឡើយ ។ លោកជំទាវ បានបន្តទៀតថា សព្វថ្ងៃដោយសារមាន ថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការឆ្លើយតបទៅនឹងសភាពការណ៌ជាក់ស្តែង ទើបប្រទេសកម្ពុជាមិនទទួលរងឥទ្ធិពលខ្លាំងដោយសារជំងឺកូវីដ១៩នេះ ។

ក្នុងនោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារផងដែរ ។ លោកបានចាត់ឱ្យក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើកិច្ចការងារមួយនេះជាសមរភូមិមុខ បន្ទាប់មកកងកម្លាំងនិងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលវីរុស១៩នេះចូលក្នុងមូលដ្ឋាន ។

លោកជំទាវ ក៏បានស្នើអោយប្អូនស្រីជាពលករ បើមានសាច់ញាតិដែលត្រូវត្រឡប់មកស្រុកកំណើតវិញ សូមឱ្យមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មានពិត ជូនកងកម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ រួចស្ម័គ្រចិត្តចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។

លោកជំទាវ បាន ស្រីមុំ បានសម្តែងនូវការកោតសរសើរមន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានប្រុងប្រយ័ត្នខ្លួនខ្ពស់មិនឱ្យមានការចំលងមកមន្រ្តី បុគ្គលិកសុខាភិបាលក្នុងពេលបំពេញសេវាជូនប្រជាពលរដ្ឋនាពេកកន្លងមក និងផ្តាំផ្ញើដល់បុគ្កលិក មន្រ្តីសុខាភិបាលទាំងអស់មេត្តាបន្តសហការគ្នាឱ្យបានល្អ យកចិត្តទុកដាក់កំរិតខ្ពស់ក្នុងពេលបំពេញការងារ ជាពិសេសក្នុងពេលបំពេញការងារនៅតាមមណ្ឌលចត្តាឡីស័កទូទាំងខេត្តប៉ៃលិន ៕ គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner