យុវជនផលិតវីដេអូប្រកួតប្រជែងចំណេះដឹងវិនិយោគភាគហ៊ុនបីក្រុម ទទួលបានពានរង្វាន់ពីផ្សារមូលបត្រកម្ពុជា

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ពានរង្វាន់ជ័យលាភីប្រកួតប្រជែងវីដេអូប្រចាំឆ្នាំ 2020 ត្រូវបានផ្សារមូលបត្រកម្ពុជា (CSX) ប្រគល់ជូនយុវជនបីក្រុមមានស្នាដៃផលិតខ្លឹមសារវីដេអូស្តីពីចំណេះវិនិយោគភាគលើផ្សារហ៊ុនលេចធ្លោរជាងគេ កាលពីថ្ងៃព្រហសត្បិ៍ ម្សិលមិញ។ ក្រុមយុវជនជ័យលាភីកំពូលទាំងបីទទួលបានលិខិតសរសើរ ពានរង្វាន់ និងរង្វាន់ជាសាច់ប្រាក់ចំនួន 1500ដុល្លារ, 1000ដុល្លារ និង 500ដុល្លារពីផ្សារមូលបត្រកម្ពុជា។

ពានរង្វាន់នេះជ័យលាភីជើងឯកបានទៅលើក្រុម Secret Trust ផលិតវីដេអូចំណងជើង “ភាគហ៊ុនផ្តើមស្នេហ៍”។ ជ័យលាភីលេខ2 បានទៅលើក្រុម The Risk ផលិតវីដេអូចំណងជើង “ហានិភ័យ”​ និងជ័យលាភីលេខ3 បានទៅលើក្រុម Stock’nhom ផលិតវីដេអូចំណងជើង “វិនិយោគលើភាគហ៊ុន ដើម្បីឆាប់សម្រេចគោលដៅសេរីភាពហិរញ្ញវត្ថុ”។ វីដេអូទាំងបីក្រុមនេះ ពិន្ទុ 50 ភាគរយផ្តល់តាមរយៈសាធារណជនលើទំព័រហេ្វប៊ុកផ្សារមូលបត្រកម្ពុជា និងពិន្ទុ 50 ភាគរយបន្ថែមទទួលបានពីគណៈកម្មការជំនាញ វាយតម្លៃទៅលើគំនិតច្នៃប្រឌិត និងខ្លឹមសារព័ត៌មានផ្តល់ចំណេះដឹងជុំវិញវិស័យមូលបត្រនៅកម្ពុជា។

ក្នុងពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីទាំងអស់ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា នេះជាលើកទីមួយដែលផ្សារមូលបត្រកម្ពុជា បង្កើតព្រឹត្តការណ៍ប្រកួតប្រជែងវីដេអូអំពីចំណេះដឹងវិនិយោគភាគហ៊ុនលើផ្សារមូលបត្រទៅកាន់សាធារណជន។ តាមរយៈចំណេះដឹងដែលបានចែករំលែកក្នុងវីដេអូនីមួយៗ នឹងជួយផ្តល់ព័ត៌មានពីវិស័យផ្សារមូលបត្រឱ្យកាន់តែទូលំទូលាយ។

ឯកឧត្តម ហុង សុហួរ “ វីដេអូរបស់បេក្ខជនទាំងអស់ ខ្ញុំឃើញពួកគាត់ប្រើប្រាស់មធ្យោបាយសាមញ្ញៗ ប៉ុន្តែទាក់ទាញចំណាប់អារម្មណ៍បានច្រើនពីសាធារណជន… ខ្ញុំរីករាយឃើញយុវជនយើងផលិតបានល្អ។ ខ្ញុំលើកទឹកចិត្តឱ្យទាំងអស់គ្នារៀនវិនិយោគភាគហ៊ុនដើម្បីទទួលបានចំណេះដឹងពីវិស័យនេះ និងរៀនវិនិយោគហិរញ្ញវត្ថុផ្ទាល់ខ្លួន”។ ទន្ទឹមនឹងការលើកឡើងនេះ តំណាងយុវជនជ័យលាភីទាំងបី បានបង្ហាញចំណាប់អារម្មណ៍ផ្សេងៗគ្នាចំពោះជ័យលាភីរបស់ខ្លួន។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ។

លោក សុខ គឹមហេង តំណាងក្រុមជ័យលាភីលេខ1 បាននិយាយថា តាមរយៈវីដេអូរបស់ក្រុម Secret Trust មានគោលបំណងចូលរួមចែករំលែកបទពិសោធវិនិយោគលើផ្សារភាគហ៊ុន និងលើកស្ទួយវិស័យមូលបត្រឱ្យកាន់តែរីកចម្រើនទៅមុខ។ ទន្ទឹមគ្នានេះ ចង់ផ្តល់ព័ត៌មានបន្ថែមទៅកាន់សាធារណជនឱ្យដឹងកាន់តែច្បាស់ពីផ្សារមូលបត្រកម្ពុជា ព្រមទាំងបង្ហាញពីអត្ថប្រយោជន៍ទទួលបានពីការវិនិយោគភាគហ៊ុន។

យុវជនរូបនេះ បានបន្តថា “ការវិនិយោគភាគហ៊ុនទៅលើផ្សារមូលបត្រកម្ពុជា ប្រៀបដូចជាការស្វែងរកចំណូលទីពីររបស់យើងអីចឹង… ការប្រកួតនេះមានតម្លាភាពសម្រាប់ពួកខ្ញុំជាយុវជន។ ខ្ញុំសូមអរគុណដល់មិត្តភក្តិ និងអ្នកគាំទ្រវីដេអូរបស់ពួកខ្ញុំនៅលើបណ្តាញសង្គម និងបានចែករំលែកវីដេអូនេះ”។

យុវជន សុខ គឹមហេង តំណាងក្រុម Secret Trust ទទួលជ័យលាភីលេខ1។

ចំណែកតំណាងក្រុមយុវជនទទួលបានជ័យលាភីលេខ2 លោក លឹម ឡាយស្រេង បានឱ្យដឹងថា “ខ្ញុំរីករាយមែនទែន ! ខ្ញុំឃើញព័ត៌មានផ្សព្វផ្សាយពីការប្រកួតប្រជែងក៏ចាប់អារម្មណ៍ភ្លាម ហើយដើរបបួលមិត្តភក្តិនាំគ្នាផលិតវីដេអូហ្នឹងតែម្តង។ ពួកយើងអត់មានចំណេះដឹងវិនិយោគភាគហ៊ុនហ្នឹងទេ ហើយនាំគ្នារៀនតាមហ្វេសប៊ុកផ្សារមូលបត្រកម្ពុជា ជួបអ្នកពាក់ព័ន្ធផង ក្រុមហ៊ុនចុះបញ្ជីផ្សារមូលបត្រជួយសម្របសម្រួលផង ទើបពួកខ្ញុំផលិតវីដេអូនេះបាន… ចំណេះដឹងនេះសំខាន់សម្រាប់ពួកខ្ញុំជាយុវជន”។

កញ្ញា ផាន់ ស្រីរិទ្ធិ តំណាងក្រុមផលិតវីដេអូទទួលជ័យលាភីលេខ3 បានឱ្យដឹងថា “នេះជាឱកាសដែលពួកខ្ញុំបានរៀនសូត្រពីការវិនិយោគភាគហ៊ុនជាលើកដំបូង ពិសេសយល់ដឹងពីររបៀបផលិតវីដេអូ។​ ពួកខ្ញុំចាប់ផ្តើមយល់ដឹងពីផ្សារហ៊ុននៅកម្ពុជា ហើយការវិនិយោគបែបនេះនឹងជួយដល់ពួកយើងច្រើន”។

សូមជម្រាបថា កម្មវិធីប្រកួតប្រជែងឃ្លីបវីដេអូរបស់ផ្សារមូលបត្រកម្ពុជា ចាប់ផ្តើមប្រព្រឹត្តទៅរយៈពេលពេល 12ថ្ងៃនៅក្នុងខែវិច្ឆិកា 2020 កន្លងទៅ។ បេក្ខជនចូលរួមប្រកួតទាំងអស់ចំនួន 20ក្រុម និងជ្រើសរើសយកតែបីក្រុមប៉ុណ្ណោះដើម្បីទទួលបានជ័យលាភីពានរង្វាន់។ ផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ថា នៅក្នុងឆ្នាំ 2021 នេះ ផ្សារមូលបត្រកម្ពុជានឹងរៀបចំកម្មវិធីប្រកួតប្រជែងជូញដូរភាគហ៊ុនលើកទីប្រាំ ក្នុងន័យផ្សព្វផ្សាយចំណេះដឹងវិនិយោគភាគហ៊ុនឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋកម្ពុជា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner