ក្លឹប តារាជ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាគុនល្បុក្កតោជើងឯកថ្នាក់ជាតិ

ក្លឹបគុនល្បុក្កតោ តារាជ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។


ចំពោះតារាងមេដាយវិញ ក្លឹបគុនល្បុក្កតោ តារាជ ឈរលេខ១ ដណ្តើមបានមេដាយសរុប៦គ្រឿង មាស៥ ប្រាក់១ លេខ២ សាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជ ដណ្តើមបានមេដាយសរុប មាស៤ ប្រាក់២ ខណៈក្លឹបគុនល្បុក្កតោក្រសួងមហាផ្ទៃ លេខ៣ ដណ្តើមបានមេដាយសរុប ៩គ្រឿង មេដាយមាស៣ ។ ក្រៅពីនេះក៏មានសាលាគុនមួយចំនួនទៀតដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធមួយផងដែរ តែមានក្លឹប៧មិនដណ្តើមបានមេដាយសោះ ក្នុងចំណោមសាលាគុនចូលរួមសរុបចំនួន២៤មកពី១០រាជធានី-ខេត្ត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំ របស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡារិនីគ្រប់បណ្តាក្លិបមកពីរាជធានីខេត្តទាំងអស់ ជាពិសេស ការគំាទ្រជាថវិកាជាង១៦.៨៥០ ដុល្លារអាមេរិក ពីក្រុមហ៊ុនសម្រស់ធម្មជាតិ ដើម្បីជួយទ្រទ្រង់ដល់ដំណើរប្រកួតនេះកាន់តែមានលក្ខណៈពិសេសជាងបណ្តាឆ្នាំមុនៗ ។

ការជួយជ្រោមជ្រែង នេះ គឺដើម្បីគោលបំណងអភិរក្ស និងអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ ដែលជាក្បាច់គុនព្រលឹងវប្បធម៌ អត្តសញ្ញាជាតិខ្មែរមួយនេះកាន់តែរីកធំធាត់ទាំងថ្នាក់ជាតិ និងសកលលោក ។ តាមរយៈការប្រកួតឆ្នាំនេះ គឺជាការពង្រឹងគុណភាពបច្ចេកទេស ឲ្យមានស្តង់ដាអន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងគោលដៅធំ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ។


ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានសង្កត់ធ្ងន់ថា តាមរយៈការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍក្រុមហ៊ុនសម្រស់ធម្មជាតិ កំពុងជំរុញបន្ថែម ដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីបានបញ្ចេញនូវទេពកោសល្យ សមត្ថភាព និងវាស់ស្ទង់កម្រិតបច្ចេកទស នៃដំណើរការអភិរក្ស និងអភិវឌ្ឍក្បាច់គុនដូនតាខ្មែរដ៏មានវ័យចំណាស់មួយនេះឲ្យមាននិរន្តភាព ។ អ្វីដែលជាការកត់សម្គាល់បន្ថែម គឺការរចនាទីលានប្រកួត របៀបរបប បម្រើការងាររបស់មន្ត្រីគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត អាជ្ញាកណ្តាល-ចៅក្រមក៏កាន់តែមានភាពល្អប្រសើរដូចគ្នាផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner