រដ្ឋបាលខណ្ឌចំការមន ផ្សព្វផ្សាយសេចក្ដីណែនាំ និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ យោធាភូមិភាគពិសេសប្រចាំខណ្ឌ ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោកចៅសង្កាត់ទាំង ០៥ នាយប៉ុស្ដិ៍នគរបាលសង្កាត់ទាំង៥ និងតំណាងក្រុមហ៊ុន ស៊ិន ទ្រី  ដែលមានរបៀបវារៈដូចខាងក្រោម៖

១-បញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់។
២-ផ្សព្វផ្សាយអំពីសេចក្ដីណែនាំលេខ ០០៧/២០ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ  និងសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង  នៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាល។
៣-បញ្ហាអនាម័យ និងបរិស្ថាន។
៤-បញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំនេះ លោក ថេង សុថុល បានជំរុញឲ្យមន្ត្រីនៅក្នុងខណ្ឌចំការមនទាំងអស់ បន្តផ្សព្វផ្សាយ និងអប់រំដល់បងប្អូនប្រជាពលរដ្ឋ ទាក់ទងទៅនឹងការការពារកុំឲ្យមានការរីករាលដាលនៃជំងឺឆ្លងកូវិដ-19 ទោះបីជាប្រទេសកម្ពុជាយើង មានសភាពធូរស្រាលនឹងជំងឺនេះក៏ដោយ ។ លោកអភិបាលខណ្ឌ ក៏បានបញ្ជាក់ផងដែរថា តាមការធ្វើសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ-19 ចំនួន២នាក់ ដែលបានរកឃើញនៅក្នុងប្រទេសកម្ពុជា និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរ គឺមិនមែនជារលកទី២ នៃការឆ្លងជំងឺ Covid-19 តែគឺជាករណីនាំចូលពីក្រៅប្រទេសទៅវិញទេ ។

ថ្លែងពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខណ្ឌចំការមន លោក ថេង សុថុល បានលើកឡើងថា គណៈបញ្ជាការឯកភាពនិងមន្ត្រីប្រដាប់អាវុធនៅក្នុងខណ្ឌបានសហការគ្នាធ្វើការយ៉ាងល្អប្រសើររហូតទទួលបានការសរសើរ ពីមជ្ឈដ្ឋានផ្សេងៗជាពិសេសទទួលបានការសរសើរពីថ្នាក់ដឹកនាំទាក់ទងនឹងបញ្ហាសន្តិសុខ នៅក្នុងខណ្ឌចំការមននេះមានការបង្ក្រាបបទល្មើសបានយ៉ាងល្អប្រសើរហើយបទល្មើសក៏បានថយចុះផងដែរ ។ ជាមួយគ្នានេះ ទាក់ទងទៅនឹងការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងមូលដ្ឋានខណ្ឌយើងនេះ គឺត្រូវតែមានមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានយើង ចូលរួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងខណ្ឌចំការមននេះ ។

ទន្ទឹមនឹងនេះ ពាក់ព័ន្ធទៅនឹងល្បែងស៊ីសង លោកអភិបាលខណ្ឌ បានស្នើឱ្យអាជ្ញាធរសង្កាត់មន្ត្រីនគរបាលប៉ុស្តិ៍ ធ្វើការត្រួតពិនិត្យឡើងវិញជាប្រចាំ ។ ជាមួយនេះ លោកអភិបាលខណ្ឌ ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រួតពិនិត្យឡើងវិញចំពោះទីតាំងហាងបញ្ចាំ នៅក្នុងមូលដ្ឋានយើងនេះឡើងវិញ ហើយក៏ត្រូវពិនិត្យឡើងវិញផងដែរ ទាក់ទងទៅនិងក្មេងទំនើង ជាពិសេស នៅក្នុងកោះពេជ្រនេះតែម្ដង ដោយចាត់វិធានការចំពោះក្មេងទំនើង ដែលបង្ហោះម៉ូតូ ការកែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេសជាដើម។

លោក ថេង សុថុល ក៏បានលើកឡើងផងដែរទាក់ទងទៅនឹងបញ្ហាអនាម័យ និងបរិស្ថាន ដោយមន្ត្រីអាជ្ញាធរសង្កាត់នៅក្នុងខណ្ឌចំការមនទាំងអស់ ត្រូវចុះទៅតាមផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញ ជាពិសេស ក្នុងខណ្ឌចំការមនយើងនេះ ដោយរដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនភាគច្រើនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរួចហើយ ប៉ុន្តែនៅមានបងប្អូនមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅឡើយទេ ព្រោះការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល ធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច ។

ដូច្នេះ សូមមន្ត្រីនៃសាលាខណ្ឌ និងអាជ្ញាធរសង្កាត់ទាំងអស់ ត្រូវជំរុញឲ្យបងប្អូនដែលមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រួសរាន់បង់ថ្លៃសេវាប្រមូលសំរាម ឱ្យបានទាន់ពេលវេលា បើពុំដូច្នោះទេ រដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តន៍វិធានការមួយចំនួនដូចជា៖ បញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងជាសាធារណៈ តាមបណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា, កត់ត្រាជាបំណុល ហើយអនុវត្តន៍វិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន និងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner