ការព្យាករ ៖ ឆ្នាំ2021 សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងរង្វង់ 3.5 ភាគរយ

សូចនាករសេដ្ឋកិច្ចបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ2021ត្រូវបានព្យាករណ៍ថាអាចនឹងងើបឡើងវិញ ដោយរំពឹងសម្រេចបានកំណើនរង្វង់3.5ភាគរយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង ច្បាប់ថវិកាឆ្នាំ2021 ថ្ងៃទី27 ខែមករា ឆ្នាំ2021 ។

សូចនាករសេដ្ឋកិច្ចបានបង្ហាញទៀតថា ស្របពេលដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់1,771ដុល្លារអាមេរិក បើប្រៀបធៀបនឹង 1,683ដុល្លារអាមេរិកក្នុងឆ្នាំ2020។ ចំណែកឯអត្រាប្តូរប្រាក់រៀលគឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ 4,065រៀល ក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ2021។ ឱនភាពគណនីចរន្តត្រូវបានព្យាករថា នឹងរួមតូចបន្តិចមកត្រឹម17.3ភាគរយនៃផលិតផលក្នុងស្រុកសរុបដោយសារការរំពឹងនៃការងើបឡើងវិញសន្សឹមៗនូវការនាំចេញ និង វិស័យទេសចរណ៍។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងកើនឡើងដល់ 16,981លានដុល្លារអាមេរិក។

ជាមួយគ្នានេះឯកឧត្តម វង្សី វិស្សុត បានឱ្យដឹងថា ក្នុងឆ្នាំ2020 កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលក្នុងស្រុកបានប្រមាណ 5,700 លានដុល្លារអាមេរិក សម្រេចក្នុងផែនការបាន 88ភាគរយ បើទោះបីជាជួបវិបត្ដិសេដ្ឋកិច្ចយ៉ាងណាក្ដីក៏ដោយ ។

រូបភាព ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តមបញ្ជាក់ថា យើងបានចំណាយថវិកាអស់ប្រមាណ96ភាគរយនៃច្បាប់ យើងបានផ្លាស់ប្ដូរការចំណាយបានល្អតម្រង់ទិសទៅការទ្រទ្រង់ជីវភាពប្រជាជន សេដ្ឋកិច្ច ធុរកិច្ច និងការទប់ទល់ជំងឺកូវីដ-19 គឺយើងធ្វើបានល្អ។ អ្វីយើងគ្រោង 1,664 លានដុល្លារជាអន្ដរាគមន៍យើងបានចាយអស់ 823 លានដុល្លារ។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ បន្ដថា នៅក្នុងផែនការ ដែលធ្វើឲ្យស្ថានភាពថវិការបស់យើង មានភាពកាន់តែរឹងមាំ ដោយការរកចំណូលក្នុងស្រុក មានការធ្លាក់ចុះតែ12ភាគរយប៉ុណ្ណោះ ព្រោះអ្វីដែលយើង គ្រោង100% ជាចំណូលក្នុងស្រុកឥឡូវរកចំណូលបាន88ភាគរយហើយ។

ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា កម្ពុជាអាចទាក់ទាញការវិនិយោគឡើងវិញ ព្រោះកម្ពុជាមានវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ការរីករាលដាលជំងីកូវីដ-19កន្លងមកបានជោគជ័យដែលជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។ «គេឃើញកម្ពុជាជាតំបន់មួយមានសុវត្ថិភាពផ្នែកជំងឺកូវីដ-19» កម្ពុជានឹងក្លាយជាកន្លែងទាក់ទាញវិនិយោគមួយធំនៅពេលមានវ៉ាក់សាំងចាក់ជូនប្រជាជនពីការយាយីដោយសារជំងឺកូវីដ-19។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងស្វះស្វែងរកទិញវ៉ាក់សាំង និងស្នើសុំជំនួយវ៉ាក់សាំងពីប្រទេសនានាដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃ និង តាមគោលការណ៍ស្ម័គ្រចិត្ត។

បើតាម ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខែកុម្ភៈឬខែមីនាខាងមុខនេះ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner