ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន ជំរុញអាជ្ញាធរខណ្ឌ និងសង្កាត់ ពិនិត្យសំណូមពររបស់ពលរដ្ឋ ដែលនៅសេសសល់ និងបន្តដោះស្រាយជូនគាត់

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ដែលមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមននិងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លោក ព្រុំ សំខាន់ បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ ពិនិត្យមើលឡើងវិញ រាល់សំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើង ក្នុងវេទិការសាធារណៈ ដើម្បីលើកយកមកធ្វើការដោះស្រាយជូនពលរដ្ឋក្នុងមូលដ្ឋានកុំអោយមានការថ្នាំងថ្នាក់។

លោក ព្រុំ សំខាន់ បានបន្ថែមថា តាមរយៈការងារដែលបានណែនាំពីប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងនាមអាជ្ញាធរថ្នាក់ខណ្ឌ និងសង្កាត់ត្រូវតែធ្វើការតាមដាន និងសម្រង់អោយបានល្អិតល្អន់ ហើយរាល់សំណូមពរដែលនៅសេសសល់ត្រូវធ្វើការរបាយការណ៍មក ដើម្បីបន្តធ្វើការដោះស្រាយជូនពួកគាត់។

លោកប្រធានក្រុមប្រឹក្សាខណ្ឌចំការមនបានបញ្ជាក់ថា នេះជាការសហការគ្នាក្នុងនាមអាជ្ញាធរក្នុងការដោះស្រាយជូនប្រជាពលរដ្ឋក៏ដូចជាការធ្វើអោយរដ្ឋបាលខណ្ឌមានភាពរីកចំរើនឆ្លើយតបតាមតំរូវការចង់បានរបស់ពលរដ្ឋ មិនមើលបំណាំគ្នាទៅវិញទៅមក។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកភាពចំពោះការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាខណ្ឌ ពាក់ព័ន្ធការដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈម ពាក់ព័ន្ធភាពអសកម្មនិងការងារដែលនៅសេសសល់របស់ប្រជាពលរដ្ឋលើកឡើងក្នុងវេទិការសាធារណៈកន្លងមក។

លោក ថេង សុថុល បានបន្តថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន ដែលចុះអនុវត្តការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវរួមសហការគ្នា ធ្វើការងារនេះ ដើម្បីពង្រឹងយន្តការ ភាពអភិវឌ្ឍន៍ និងការរីកចំរើន ក៏ដូចជា ការផ្តល់សេវាល្អ ជូនពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ។

លោកអភិបាលខណ្ឌ បានបន្ថែមថា កន្លងមក រាល់សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌ សង្កាត់ បានធ្វើការដោះស្រាយបានភាគច្រើន ស្ទើទាំងស្រុងនៅសល់តិចតួច តែទោះយ៉ាងណានឹងបន្តធ្វើការដោះស្រាយអោយ បានទាំងស្រុងជូនប្រជាពលរដ្ឋ។

យោងតាមរបាយកាណ៍ បានអោយដឹងថា គណៈបញ្ជាការឯកភាពខណ្ឌ បានចុះធ្វើវេទិកាសាធារណៈបាន ០៥លើក ដែលមានអ្នកចូលរួមសរុប ២៣៤នាក់ និងបានទទួលមតិរបស់ប្រជាពលរដ្ឋ ដែលបានបង្ហាញពីក្តីបារម្ភជុំវិញការកើតមានបទល្មើសផ្សេងៗ បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ប្រឡាយ ។ល។ គ្រប់សំណូមពរ របស់ប្រជាពលរដ្ឋខាងលើ ត្រូវបានសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ធ្វើការដោះស្រាយស្របតាម ការអនុវត្ត គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner