ឃាតករ រឹត.ក សម្លាប់ក្មេងប្រុសអាយុ១៥ឆ្នាំ ជាបុគ្គលិកក្នុងផ្ទះសំណាក់យីហោ៣៦២ នៅក្រុងតាខ្មៅ ប្លន់យកម៉ូតូ រួចរត់គេចខ្លួនបាត់
កណ្តាល៖ នាវេលាម៉ោង៥៖៣០នាទី ទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ មានករណីឃាតកម្មមួយ នៅចំណុចផ្ទះសំណាក់៣៦២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សមត្ថកិច្ចបង្ហើបប្រាប់ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចាន់ សុឃាង ហៅ វី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅបន្ទប់ជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករផ្ទះសំណាក់៣៦២ ។ ជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ ដោយបានគេចខ្លួនបាត់ ។
នៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨៖១៥នាទី ដោយជនរងគ្រោះបានចូលមកធ្វើការនៅក្នុងផ្ទះសំណាក់៣៦២ដូចសព្វដង ។ លុះដល់ម៉ោង១៩៖៣០នាទីម្ចាស់ផ្ទះសំណាក់បានយកម៉ូតូរបស់ខ្លួនម៉ាកហុងដា មកទុកនៅមុខបន្ទប់ដេករបស់ខ្លួនដោយចាក់សោរកនិងយកសោរកងជ័រពណ៌ក្រហមមកចាក់ជាប់គ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកYAMAHA ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HS5192។ លុះដល់ម៉ោងប្រហែល១៩៖៤០នាទី មានភ្ញៀវ២នាក់មិនស្គាល់អត្តសញ្ញាណបានចុះបញ្ជីក្នុងសៀវភៅចូលសម្រាកបន្ទប់លេខ៧ ធម្មតា ។
លុះដល់ម៉ោង២១៖៣០នាទី ម្ចាស់ផ្ទះសំណាក់ក៏នាំគ្នាចូលដេកអស់ទុកអោយជនរងគ្រោះមើលការខុសត្រូវ ។ លុះដល់ម៉ោងប្រហែល៣៖១៥នាទី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ភ្ញៀវដែលស្នាក់នៅក្នុងបន្ទប់លេខ៧ បានឲ្យបុគ្គលិកយកស្រាបៀរអាន់ឆ័រចំនួន៤កំប៉ុង ចូលទៅក្នុងបន្ទប់របស់ខ្លួនស្នាក់នៅ ។ បន្ទាប់មក ជនសង្ស័យក៏បានធ្វើសកម្មភាពរឹតក ជនរងគ្រោះបណ្តាលឲ្យស្លាប់ក្នុងបន្ទប់ តាមការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព ។
ដល់ម៉ោង៥និង៣០នាទីម្ចាស់ផ្ទះសំណាក់ក៏ភ្ញាក់ពីដេកបើកទ្វារចេញមកខាងក្រៅមើលមកម៉ូតូរបស់ខ្លួនក៏ស្រាប់តែបាត់មិនឃើញរួចរកមើលជនរងគ្រោះ ក៏ស្រាប់តែបាត់មិនឃើញនៅតែស្បែកជើងនិងកង្ហា បើកទុកចោលបន្ទាប់មកម្ចាស់ផ្ទះសំណាក់ក៏ដើររកជនរងគ្រោះមិនឃើញក៏ទៅឆែកកាមេរ៉ា មើលឃើញជនសង្ស័យ០១នាក់នៅបន្ទប់លេខ៧ជាអ្នកលួចម៉ូតូ។ក្រោយមកម្ចាស់ផ្ទះសំណាក់ក៏ដើរចូលទៅបើកទ្វារបន្ទប់លេខ៧ក៏ជាប់សោរបើកមិនរួចហើយម្ចាស់ផ្ទះ យកសោរបន្ទប់ទៅចាក់ទ្វារបន្ទប់មើលឃើញមានមនុស្សម្នាក់ដេកនៅលើគ្រែតែម្នាក់ឯងគ្របកន្សែងពោះគោនិងយកខ្នើយដាក់ពីលើមុខឃើញដូចនោះម្ចាស់ផ្ទះសំណាក់ក៏ទៅបើកមើលឃើញជនរងគ្រោះត្រូវបានគេសម្លាប់បាត់ទៅហើយ ។ ក្រោយមកក៏រាយការណ៍ទៅសមត្ថកិច្ចតែម្តង ៕ កញ្ចក់ ទិព្វ