មន្ទីរពេទ្យចំនួន២ ក្នុងខេត្តបាត់ដំបង ទទួលបានរថយន្តសង្គ្រោះបន្ទាន់ពីអាជ្ញាធរ នៃ រដ្ឋបាលខេត្ត ដែលជាអំណោយទីក្រុងសេដុង របស់ប្រទេសកូរ៉េខាងត្បូង
រថយន្តសង្គ្រោះបន្ទាន់ចំនួន០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាពីទីក្រុងសេដុង នៃ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលបានផ្តល់ឲ្យរដ្ឋបាលខេត្តបាត់ដំបង កន្លងមក។ នៅព្រឹកថ្ងៃទី២៨ខែមករា ២០២១នេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលរថយន្តសង្គ្រោះបន្ទាន់ខាងលើ ដើម្បីប្រគល់ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរពេទ្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ ក្នុងការជួយសង្គ្រោះអ្នកជម្ងឺទូទៅដែលត្រូវការចាំបាច់និងបន្ទាន់។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖ រថយន្តសង្គ្រោះបន្ទាន់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រជាជននៃទីក្រុង
សេដុង សាធារណរដ្ឋកូរ៉េ ដែលបានផ្តល់មកឲ្យរដ្ឋបាលខេត្តបាត់ដំបងនិងដោយពិនិត្យមើលឃើញពីការលំបានិងតម្រូវជាក់ស្តែងកន្លងមក របស់អង្គភាពទាំង២ខាងលើនេះ ទើបរដ្ឋបាលខេត្តប្រគល់រថយន្តទាំង០២គ្រឿងនេះទៅឲ្យមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនិងមន្ទីរពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលទើបតែបង្កើតឡើងថ្មី និងជាមន្ទីរពេទ្យលើកដំបូងគេ ដែលស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្កើតអង្គភាពមន្ទីរពេទ្យរបស់ខ្លួន ដើម្បីរួមចំណែកក្នុងការពិនិត្យព្យាបាលជម្ងឺដល់កងកម្លាំង របស់ខ្លួន និង មួយផ្នែកទៀត ក្នុងការជួយព្យាលបាលជម្ងឺជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស ចំពោះប្រជាពលរដ្ឋក្រីក្រតែម្តង។
ក្នុងឱកាសទទូលរថយន្តសង្គ្រោះបន្ទាន់ពីរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង
បានគូសបញ្ជាក់ប្រាប់ដល់ភ្នាក់ងារទូរទស្សន៍ថា៖ មន្ទីរពេទ្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ពិតជានិងបានរួមចំណែកជាមួយរដ្ឋបាលខេត្តនិងមន្ទីរពេទ្យបង្អែកក្នុងខេត្ត ក្នុងការជួយពិនិត្យនិងព្យាបាលអ្នកជម្ងឺក្នុងខេត្តមិនថាតែកងកម្លាំង មិនថាមន្ត្រីរាជការស៊ីវិលឬប្រជាពលរដ្ឋទូទៅនោះទេ គឺមន្ទីរពេទ្យស្នងការដ្ឋាននិងទទួលព្យាបាលទាំងអស់។ហើយអ្វីដែលផ្តោតការយកចិត្តទុកដាក់ជាសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងជីវភាពពិតប្រាកដ។មិនត្រឹមតែទទួលបាននូវការព្យាបាលដោយឥតគិតថ្លៃប៉ុណ្ណោះទេ គឺថែមទាំងជួយឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។ ឯកឧត្តមស្នងការនគរបាលខេត្តបាត់ដំបង ក៏បានប្រាប់ភ្នាក់ងារព័ត៌មានដែរថា៖បងប្អូនអ្នកសារព័ត៌មានក៏អាចទៅព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យនេះដោយឥតគិតថ្លៃបានដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏បានថ្លែងប្រាប់ឲ្យដឹងបន្ថែមទៀតថា៖ថ្មីៗនេះ មន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទើបតែទទួលបានសម្ភារៈបរិក្ខាពេទ្យមួយចំនួន ពីសម្តេចក្រឡាហោម ស ខេង តាមរយៈ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាទីប្រឹក្សារបស់សម្តេចហើយមន្ទីរពេទ្យនេះគ្រោង និងស្នើសុំគោលការណ៍ពីសម្តេចដើម្បីរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលដ៏ខ្លីឆាប់ៗ ខាងមុខនេះ ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )