ឱកាសអាហារូបករណ៍ 100% សម្រាប់សិស្សវិទ្យាល័យបន្តការសិក្សានៅប្រទេសជប៉ុនរយៈពេលមួយឆមាស ឬ 10ខែ

អត្ថបទដោយ៖
AMS

អាហារូបករណ៍ ៖ កម្មវិធីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ASIA KAKEHASHI ផ្ដល់ឱកាសដល់សិស្សវិទ្យាល័យដែលមានចំណាប់អារម្មណ៍ក្នុងការកសាងសមត្ថភាពបន្ថែម តាមរយៈការផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆមាស ឬ 10ខែ នៅវិទ្យាល័យប្រទេសជប៉ុន។ កម្មវិធីនេះស្វាគមន៍សិស្សដែលមកពី 22 ប្រទេស រួមមាន កម្ពុជា ព្រុយណេ ចិន ឥណ្ឌា ម៉ាឡេស៊ី និងប្រទេសជាច្រើនទៀតក្នុងអាស៊ី។

អ្នកចូលរួមទាំងអស់នឹងត្រូវបានជួយជ្រោមជ្រែងដោយអ្នកស្ម័គ្រចិត្តដែលមានបទពិសោធន៍និងបុគ្គលិកជំនាញរបស់ AFS ក្នុងអំឡុងកម្មវិធីនៅប្រទេសជប៉ុន មានការឧបត្ថម្ភថ្លៃធ្វើដំណើរតាមជើងហោះហើរក្នុងស្រុកនិងអន្តរជាតិ ថ្លៃស្នាក់នៅអន្តេវាសិកដ្ឋាន ការចំណាយថ្លៃសាលា ការធានារ៉ាប់រងសុខភាពនៅប្រទេសជប៉ុន និងការចំណាយលើកម្មវិធីទាំងស្រុង។

ចំពោះលក្ខខណ្ឌក្នុងការចូលរួមដាក់ពាក្យជាបេក្ខជននោះគឺ៖

  • ជាជនជាតិខ្មែរ កំពុងរស់នៅប្រទេសកម្ពុជា។
  • មានអាយុចន្លោះពី 15 ទៅ 18ឆ្នាំ។
  • កំពុងរៀនថ្នាក់ទី9, 10, 11 និង12 ។
  • មានកម្រិតពិន្ទុ ឬមធ្យមភាគយ៉ាងហោចណាស់ 60% ក្នុងមុខវិជ្ជាសិក្សានីមួយៗ
  • ជាសិស្សគំរូ និងខិតខំរៀនសូត្រ។
  • ជាអ្នករៀនភាសាជប៉ុន ឫក៏មានចំណូលចិត្តក្នុងការរៀនភាសាជប៉ុន។
  • អាចធ្វើដំណើរទៅប្រទេសក្រៅដោយគ្មានអ្នកទៅជាមួយបាន។
  • បេក្ខជនដែលមានសមត្ថភាពក្នុងកីឡា តន្រ្តីសិល្បៈ ឫក៏ធ្លាប់បានរួមការងារស្ម័គ្រចិត្តក្នុងសង្គមត្រូវបានលើកទឹកចិត្តឲ្យចូលរួម។
  • មានការតាំងចិត្ត ចង់ក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគត ដើម្បីជំរុញឳ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ខ្លួន។

កាលបរិច្ឆេទនៃការដាក់ពាក្យស្នើចូលរួមកម្មវិធីនឹងផុតកំណត់នៅថ្ងៃទី 31​ ខែមករា ឆ្នាំ2021 ។ កម្មវិធីនឹងចាប់ផ្ដើមក្នុងខែសីហា ឆ្នាំ2021 នេះ។ រយៈពេលនៃកម្មវិធីអាហារូបករណ៍ផ្លាស់ប្ដូរការសិក្សាគឺ ចាប់ពីខែសីហា ឆ្នាំ2021 ដល់ខែមិនា ឆ្នាំ2022។

គួរបញ្ជាក់ផងដែរថា កម្មវិធីអាហារូបករណ៍ AFS គាំទ្រដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) ដើម្បីដំណើរការគម្រោង អាស៊ីកាកិហាស៊ិ (Asia Kakehashi) ក្នុងការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នារវាងសិស្សវិទ្យាល័យនៅប្រទេសជប៉ុន និង 22 ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។ កម្មវិធីឧបត្ថម្ភដោយរដ្ឋាភិបាលនេះ ផ្តល់អាហារូបករណ៍ពេញលេញសម្រាប់សិស្សវិទ្យាល័យនៅអាស៊ី ដើម្បីផ្លាស់ប្ដូរការសិក្សានៅវិទ្យាល័យសាធារណៈរបស់ប្រទេសជប៉ុន។ សម្រាប់ព័ត៌មានបន្ថែមនិងការដាក់ពាក្យ សូមចូលទៅកាន់៖ https://www.afs.or.jp/asiakakehashi/

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner