Google កំពុងឈានដល់កិច្ចព្រមព្រៀងជាមួយ Ford ដើម្បីប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនបំពាក់លើរថយន្តម៉ូដែលថ្មីរបស់ Ford
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google នឹងផ្ដល់សេវាកម្ម Cloud រួមទាំងបច្ចេកវិទ្យាផ្សេងៗមួយចំនួនទៀត សម្រាប់តភ្ជាប់ជាមួយនឹងរថយន្តរបស់ក្រុមហ៊ុន Ford ប៉ុន្តែគេនៅមិនទាន់ដឹងថា រថយន្តប្រភេទណាខ្លះទេ ។
ការផ្តល់សេវាកម្មខាងលើនេះ ត្រូវបានគេបង្ហើបអោយដឹង ស្របពេលដែលក្រុមហ៊ុន Ford និង Google កំពុងតែឈានដល់កិច្ចព្រមព្រៀងរយៈពេល០៦ឆ្នាំ ដែលក្នុងនោះ Google នឹងទទួលខុសត្រូវចំពោះការតភ្ជាប់បណ្ដាញអ៊ីនធើណែត ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន ជាមួយរថយន្តម៉ូដែលថ្មីរបស់ Ford ។
បើតាមក្រុមហ៊ុន Ford នោះ ស្ថិតក្រោមកិច្ចព្រមព្រៀងខាងលើនេះ រថយន្តរបស់ Ford និង Lincoln ដែលជាបុត្រសម្ព័ន្ធរបស់ Ford នឹងទទួលបានសិទ្ធិប្រើប្រាស់ពេញលេញទៅលើកម្មវិធី Android ក្នុងនោះកម្មវិធី Google Assistant, Google Maps និង Google Play ក៏ត្រូវបានដាក់អោយប្រើប្រាស់ចាប់ពីឆ្នាំ២០២៣ខាងមុខនេះផងដែរ ៕ ប្រភព៖ Reuters