រដ្ឋបាលលោក បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកមានផ្លូវជាច្រើនដើម្បីត្រូវរ៉ូវគ្នាជាមួយចិន តែការពិភាក្សាជាមួយសម្ព័ន្ធមិត្ត និងដៃគូ គឺជារឿងដែលត្រូវធ្វើមុនគេ
អាមេរិក៖ រដ្ឋបាលរបស់លោក ចូ បៃដិន នៅថ្ងៃអង្គារនេះបញ្ជាក់ថា សហរដ្ឋអាមេរិកមិនប្រញាប់ដើម្បីត្រូវរ៉ូវគ្នាជាមួយចិនវិញនោះទេ ហើយថា សហរដ្ឋអាមេរិកនឹងធ្វើដូច្នោះ ខណៈណាមានការយល់ស្របពីសម្ព័ន្ធមិត្ត និងដៃគូនានាផងដែរ ។
ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យសេតវិមានលោកស្រី ចេន ផ្សាគី បានបញ្ជាក់ក្នុងសន្និសីទកាសែតមួយជាមួយនឹងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងខិន ថា មានផ្លូវជាច្រើន ដើម្បីត្រូវរ៉ូវគ្នាជាមួយចិន ប៉ុន្តែទាំងលោកស្រី និងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេដ ប្រាយស៍ បានសង្កត់ធ្ងន់ថា ការពិភាក្សាគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូនានា គឺជារឿងដែលត្រូវធ្វើមុនគេ ។
មកទល់ពេលនេះ រដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មិនបានបង្ហាញច្បាស់ពីយុទ្ធសាស្ត្ររបស់ខ្លួន ចំពោះចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី ២លើពិភពលោកនោះទេ ប៉ុន្តែបានសបញ្ជាក់ថា ខ្លួននឹងបន្តយ៉ាងទូលំទូលាយនូវវិធីសាស្រ្តដ៏តឹងរ៉ឹង ដែលត្រូវបានធ្វើឡើងដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ៕ ប្រភព៖ Reuters