អត្តពលិកកីឡា អង្គភាពក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត បន្ទាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធជូនអង្គភាព

៣ប្រភេទកីឡារបស់ក្រសួងមហាផ្ទៃ ដែលប្រជែងបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដូចជា៖ ប្រដាល់គុនខ្មែរ, ប្រដាល់សកល និងការ៉ាតេ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។

នាឱកាសសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់អត្តពលិកជយលាភីទាំង៣ប្រភេទកីឡា ដែលបានប្រឹងប្រែងប្រជែងយក ស្នាដៃឆ្នើមជូនក្រសួងមហាផ្ទៃ ពីការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលទើបបញ្ចប់ថ្មីៗនេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត បានសង្កត់ធ្ងន់ថា ជោគជ័យដែលអត្តពលិកទទួលបានពេលនេះ ពិតជាពុំអាចខ្វះបានឡើយនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេច ក្រឡាហោម ស ខេង ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងជ្រោមជ្រែងជានិច្ចចំពោះកីឡាករ កីឡាការិនី ដែលទាំងនេះ គឺជាចំណែកដ៏ធំធេងមួយ ក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡា នៅកម្ពុជា ។

ឯកឧត្តម ក៏បានក្រើនរំលឹកដល់ជ័យ លាភីទាំង៣ប្រភេទ ក៏ដូចជាអត្តពលិកផ្សេងទៀត ត្រូវបន្តប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យដើម្បី ត្រៀមខ្លួនប្រជែងយកមេដាយឱ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងការប្រកួតកីឡាជាតិ លើកទី៣ នាពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ ។ ជាពិសេសត្រូវតៀមខ្លួនប្រជែងយកកៅអីជម្រើសជាតិ ដើម្បីត្រៀមចេញប្រកួតលើឆាកអន្តរជាតិ ដូចជា ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ចុងឆ្នាំ២០២១ នេះជាដើម ។
ចំពោះមេដាយដែលប្រភេទកីឡានីមួយៗប្រជែងបានដូចជា៖
-ប្រដាល់គុនខ្មែរ មេដាយសរុប៥គ្រឿង មាស២ ប្រាក់១ និងសំរឹទ្ធ២ ទទួលបានប្រាក់រង្វាន់សរុប១លាន៦សែនរៀល ។ -ប្រដាល់សកលមេដាយសរុប៧គ្រឿងមាស៤ ប្រាក់១ និងសំរឹទ្ធ២ ទទួលបានប្រាក់រង្វាន់សរុប១លាន៩សែនរៀល ។ -ការ៉ាតេ មេដាយសរុប១៥គ្រឿង មាស៨ ប្រាក់១ និងសំរឹទ្ធ៦គ្រឿង ទទួលបានប្រាក់រង្វាន់សរុប ៤លាន២សែនរៀល ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner