សហរដ្ឋអាមេរិកចេញមុខអំពាវនាវអោយយោធាមីយ៉ាន់ម៉ាដោះលែងលោកស្រី ស៊ូជី និងមេដឹកនាំស៊ីវិលជាបន្ទាន់
អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះបានអំពាវនាវអោយរបបយោធាមីយ៉ាន់ម៉ាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ខណៈមេដឹកនាំដែលបណ្តេញចេញពីអំណាចរូបនេះកំពុងរងការចោទប្រកាន់ បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួននៅក្នុងរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេដ ប្រៃយ៍ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា យើងអំពាវនាវអោយយោធាធ្វើការដោះលែងពួកគេទាំងអស់ជាបន្ទាន់ ក្នុងនោះរួមមានលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំស៊ីវិលជាច្រើនរូបផ្សេងទៀត ។ ការអំពាវនាវខាងលើនេះរបស់សហរដ្ឋអាមេរិក បានកើតមានឡើងចំពេលដែលប៉ូលិសបានចោទប្រកាន់ជាផ្លូវការលើកដំបូង ប្រឆាំងនឹងលោកស្រី ស៊ូជី ដោយចោទប្រកាន់មេដឹកនាំដែលត្រូវបានបណ្តេញចេញពីអំណាចរូបនេះថា បានកាន់កាប់អាយកូម ឬវិទ្យុទាក់ទង នាំចូលដោយខុសច្បាប់ និងផ្តល់សិទ្ធិអំណាចដល់យោធានូវហេតុផល ដើម្បីឃុំខ្លួនលោកស្រីរយៈពេលពីរសប្តាហ៍ ។
អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យលោក គី ថូ បញ្ជាក់ថា ការចោទប្រកាន់ប្រឆាំងនឹងលោកស្រី ស៊ូជី នេះ អាចនឹងផ្តន្ទាទោសលោកស្រីជាប់ពន្ធនាគារអតិបរមា០៣ឆ្នាំ ។ ចំនែកឯលោកប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញពីតំណែងលោក វីន មី្យន ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិផងដែរ ។ ឯកសារចោទប្រកាន់ដែលលេចធ្លាយចុះថ្ងៃទី០១ ខែកុម្ភៈបង្ហាញថា ពួកគាត់អាចនឹងត្រូវគេឃុំខ្លួនរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ ៕ ប្រភព៖ Reuters
![](https://asset.ams.com.kh/central/media/2021/02/Myanmar-coup-1024x576.jpg)
![](https://asset.ams.com.kh/central/media/unnamed-2.jpg)
![](https://asset.ams.com.kh/central/media/download-3.jpg)