ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើមាត្រាចំនួន៥ នៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល

នារសៀលថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ៥មាត្រា រួមមាន៖មាត្រា៣ ក្នុងជំពូកទី១ មាត្រា៨ មាត្រា៩ មាត្រា១០ និងមាត្រា១១ ក្នុងជំពូកទី៣ នៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម និងថ្នាក់ដឹកនាំនៃអគ្គនាយក នាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន បានលើកឡើងថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះក្រុមការងារទាំងអស់និងពិនិត្យបន្តទៅលើខ្លឹមសានៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីកែសម្រួលឲ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម បានសង្ឃឹមថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលនេះ នឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីគោរពឆ្លង និងស្នើសុំសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អង្គប្រជុំទាំងមូលបានពិភាក្សា កែសម្រួលខ្លឹមសារ និងរកធាតុចូលបន្ថែម លើមាត្រាទាំង ៥ ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលធានាបាននូវវិសាលភាព ការពារផលប្រយោជន៍សាធារណៈប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ថា ៣ជំពូកដែលបានពិភាក្សា មានមាត្រាសរុបចំនួន១២ ដោយការធ្វើការពិភាក្សា និងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលនេះបានធ្វើឡើងចំនួន៣លើករួចមកហើយ លើកទី១នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លើកទី២នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី០៨ ខែកុម្ភៈ ២០២១នេះ។

សូមជម្រាបថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលនេះ មាន៦ជំពូក និង២១មាត្រា ហើយមានគោលបំណងកំណត់អំពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈលើកម្ពស់គុណភាពនៃការផ្តល់សេវា និងអភិវឌ្ឍជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអន្តសញ្ញាណបុគ្គល ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហានផ្ទៃ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner