ហ្វីលីពីនមានគម្រោងចាក់វ៉ាក់សាំង Covid-19 ដល់កងទ័ព និងបុគ្គលិកពេទ្យ ក្រោយទទួលបានវ៉ាក់សាំងរបស់ចិនចំនួន៦០ម៉ឺនដូសក្នុងខែកុម្ភៈនេះ
ហ្វីលីពីន៖ មន្ត្រីជាន់ខ្ពស់ហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ប្រទេសរបស់ខ្លួននឹងទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន៦០ម៉ឺនដូសនៅក្នុងខែនេះ ដែលជាការឧបត្ថម្ភរបស់ប្រទេសចិន ហើយផ្នែកខ្លះនៃវ៉ាក់សាំងនេះ នឹងត្រូវប្រើដើម្បីចាក់ជូនកងទ័ព ។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោក ហារី រ៉ូហ្គេ បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា នៅថ្ងៃទី២៣ ខែកុម្ភៈខាងមុខនេះ ការមកដល់នៃវ៉ាក់សាំងរបស់ចិន គឺជារឿងជាក់លាក់មួយ ។ ប៉ុន្តែទោះជាយ៉ាងណា វានឹងមិនត្រូវបានចែកចាយ ដោយគ្មានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឪសថឡើយ ។
លោក រ៉ូហ្គេ បញ្ជាក់ទៀតថា វ៉ាក់សាំងចំនួន១០ម៉ឺនដូស ក្នុងចំណោមវ៉ាក់សាំងទាំង៦០ម៉ឺនដូសនៃក្រុមហ៊ុនចិន Sinovac ដែលនឹងមកដល់ក្នុងខែកុម្ភៈនេះ នឹងត្រូវផ្តល់ជូនដល់កងទ័ព ចំណែកវ៉ាក់សាំងដែលនៅសល់សម្រាប់បុគ្គលិកពេទ្យ ៕ ប្រភព៖ Arab News

